Mew Nittha ភ័យរឿងមួយ ពេលនាំកូនស្រីសំណព្វចេញពីមន្ទីរពេទ្យថ្ងៃដំបូង
តារាសម្ដែងស្រី Mew Nittha ដែលជាអ្នកម្តាយថ្មោងថ្មីទាន់សម័យ ក្រោយពីបានសម្រាលកូនស្រីដំបូង ដោយសុវត្ថិភាពទាំងម្ដាយនិងទារក កាលពីថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២១ នៅឯមន្ទីរពេទ្យមួយកន្លែង ក្នុងទីក្រុងបាងកក។
ពេលនេះ នាងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យទៅសម្រាក និងមើលថែទាំកូនតូចនៅឯផ្ទះហើយ កាលពីថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២១នេះ។ ជាមួយគ្នានោះ នាងក៏បានអរគុណយ៉ាងជ្រោលជ្រៅដល់ក្រុមគ្រូពេទ្យ និងគិលានុបដ្ឋយិកា ដែលបានជួយមើលថែទាំកូនស្រីតូចរបស់នាង ក៏ដូចជារូបនាងផងដែរ។
ក្នុងនាមជាអ្នកម្ដាយថ្មោងថ្មី តារាស្រីរូបនេះ ក៏បានបង្ហាញអំពីការព្រួយបារម្ភបន្តិចដែរ ក្រោយបានក្លាយម្ដាយរបស់គេ នៅពេលដែលនាំកូនស្រីមកដល់ផ្ទះថ្ងៃដំបូង ចេញពីមន្ទីរពេទ្យ ព្រោះថាពីមុនមានគិលានុបដ្ឋយិកា បានជួយមើលថែគ្រប់ពេល ប៉ុន្តែពេលនេះត្រូវបំពេញតួនាទីជាម្ដាយយ៉ាងពេញលេញ។
ហើយនាងក៏បានបង្ហោះនៅលើ Instagram ផ្ទាល់ផងដែរថា៖ «ថ្ងៃនេះខ្ញុំបាននាំ Marin ទៅផ្ទះ»។ ប៉ុន្តែការងារនេះមិនមែនហត់នឿយតែ Mew ដែលជាម្ដាយម្នាក់ឯងនោះទេ។ ព្រោះស្វាមីរបស់នាងលោក Saint ក៏ត្រូវមើលថែបីបាច់កូនស្រីផងដែរ មើលទៅគាត់ស្រឡាញ់កូនស្រីរបស់គាត់ណាស់៕