ផ្អើលធ្វើ Meme ពេក Kim Kardashian ចេញមុខទម្លាយភ្លែត រឿងរូបមួយសន្លឹកជាមួយ Kendall
តាមការចេញផ្សាយរបស់សារព័ត៌មាន Insider កាលពីថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២១ កន្លងទៅ តារាស្រី Kim Kardashian បានធ្វើការបង្ហោះសាររៀបរាប់បកស្រាយជុំវិញរូបថតមួយសន្លឹករបស់នាង ដែលឈរនិយាយជាមួយប្អូនស្រី Kendall Jenner នៅកម្មវិធី Met Gala។
រូបភាពមួយសន្លឹកនោះដែរ គឺទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់អ្នកលេងតាមបណ្ដាញសង្គមស្ទើរពាសពេញពិភពលោក រហូតត្រូវគេយកធ្វើ Meme បង្កើតពាក្យពេចន៍ដែល Kendall និយាយទៅកាន់ Kim ទៀតផង។
មិនទុកយូរ តារាទូរទស្សន៍ Kim Kardashian ក៏បានបកស្រាយពាក្យពេចន៍ ដែលនាងនិយាយជាមួយប្អូនស្រីនៅថ្ងៃនោះថា ៖ «Kendall បានហៅឈ្មោះខ្ញុំ ប៉ុន្តែខ្ញុំមើលមិនឃើញថាជានរណា។ ខ្ញុំដឹងថាជាប្អូនស្រីខ្ញុំ ក្រោយឃើញរ៉ូបភ្លឺចិញ្ចែងចិញ្ចាចរបស់ប៉ុណ្ណោះ»។
គួររំឭកថា ក្នុងកម្មវិធី Met Gala ដែលបានប្រព្រឹត្តឡើងកាលពីថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២១ កន្លងទៅ តារាស្រី Kim Kardashian បានក្លាយជាបុគ្គលទាក់ទាញចំណាប់ជាងគេបំផុត ជាមួយឈុតសម្លៀកបំពាក់ដ៏ប្លែកជាងគេបំផុតរបស់នាង៕
ប្រភព៖ Dailymail