Rambo ដាក់លក់របស់ចាស់ៗសល់ពីការសម្តែងរឿងល្បីៗជាង ៥០០ មុខ ដឹងតម្លៃត្រួសៗញាក់សាច់
ថ្មីៗនេះ វត្ថុសម្ភារអនុស្សាវរីយ៍ចាស់ៗគួរឱ្យចាប់អារម្មណ៍ជាច្រើនរបស់កំពូលតារាសម្តែង Sylvester Stallone ឬក៏យើងស្គាល់ថាជាតួអង្គ Rambo ដែលធ្លាប់ប្រើប្រាស់នៅក្នុងការសម្តែងរឿងល្បីៗរបស់លោករាប់ឆ្នាំកន្លងមក ត្រូវបានគេដាក់លក់ដេញថ្លៃជាផ្លូវការ នៅថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២១ ខាងមុខនេះហើយ។
ក្នុងនោះ កន្លែងដេញថ្លៃប្រចាំរដ្ឋ California សហរដ្ឋអាមេរិក បានប្រកាសឱ្យដឹងរួចហើយថា វត្ថុជាង ៥០០ មុខ ចេញពីការសន្សំរបស់លោក Sylvester Stallone មកពីការសម្តែងរឿងល្បីៗទាំងប៉ុន្មាន នឹងត្រូវបានដាក់ឱ្យមហាជនមកស្រវាយកទៅជាម្ចាស់វិញម្តង។
ជាពិសេសវត្ថុនៅក្នុងរឿងទាំងនោះ ត្រូវបានគេដឹងថាមានដូចជា ឈុតសម្លៀកបំពាក់ ប៉ារ៉ូលរឿងដើម អាវុធគ្រឿងប្រយុទ្ធ និង សម្ភារប្លែកៗទាក់ទាញអារម្មណ៍គួរឱ្យចង់បានជាច្រើនមុខទៀត នៅក្នុងរឿងល្បីដូចជារឿង «Rocky and Rambo», «Cliffhanger», «Demolition Man», «The specialist», «Judge Dredd», «Assassins» ជាដើម ។
ចំណែកតម្លៃត្រួសៗវិញ ចំពោះស្រោមដៃប្រដាល់ពីរគូនៅក្នុងរឿង «Rocky III» នឹងត្រូវបានគេដាក់ឱ្យដេញថ្លៃក្នុងមួយគូចាប់ពី ១០ ០០០ ដល់ ២០ ០០០ ដុល្លារ និង ខ្សែររុំក្បាលរបស់តួអង្គ Rambo នឹងត្រូវដាក់ក្នុងឱ្យដេញថ្លៃក្នុងតម្លៃចាប់ពី ៨ ០០០ ដុល្លារ ទៅដល់ ១០ ០០០ ដុល្លារផងដែរ។
យ៉ាងណាមិញ នេះគឺក៏ចាត់ទុកជាឱកាសល្អមួយដែរសម្រាប់មហាជន ជាពិសេសអ្នកគាំទ្រវិស័យភាពយន្ត ដែលមានបំណងចង់ប្រមូលវត្ថុទាំងនេះទុកជាអនុស្សាវរីយ៍ ព្រោះយើងមិនងាយឃើញមានតារាសម្តែងដែលងាយបញ្ចេញវត្ថុសន្សំរាប់ឆ្នាំយ៉ាងនេះមកលក់លើទីផ្សារឡើយ៕