Nicholas Tse រងការរិះគន់រឿងលម្អៀងចិត្ត ផ្គាប់ចិត្តមិត្តស្រីលើសលប់ជាងកាលនៅជាមួយប្រពន្ធ
ក្រោយបែកត្រូវៗជាច្រើនដង តារាសម្ដែង Nicholas Tse និង តារាស្រី Faye Wong បានវិលត្រឡប់មកសាងស្នេហ៍នឹងគ្នាជាថ្មី។ ចំណងស្នេហ៍រវាង Nicholas, Faye Wong និង អតីតភរិយា Cecilia Cheung នៅតែបន្តធ្វើឱ្យមហាជនអ្នកគាំទ្រជាច្រើនមានការចាប់អារម្មណ៍ដដែល ដោយគ្រប់គ្នាកាន់តែមើលឃើញថា ទង្វើរបស់តារាប្រុសរូបនេះធ្វើដាក់សង្សារ គឺហាក់ខុសប្លែកគ្នាឆ្ងាយជាងកាលនៅជាមួយប្រពន្ធ។
តាមការចេញផ្សាយរបស់សារព័ត៌មាននៅតៃវ៉ាន់បានឱ្យដឹងថា នាពេលថ្មីៗនេះ តារាសម្ដែង Faye Wong បានស្នាក់នៅក្រុងប៉េកាំង មិនទាន់វិលត្រឡប់ទៅហុងកុងវិញឡើយ។ ព្រមគ្នានោះ ដើម្បីផ្គាប់ចិត្តមិត្តស្រី រួមទាំងចង់ចំណាយពេលវេលាជាមួយគ្នាឱ្យបានយូរផង Nicholas បានសម្រេចចិត្តចំណាយប្រាក់ ៨ លានយ័ន (ប្រមាណ ១ ២៣៨ ៦៧៧ ដុល្លារ) ជួលផ្ទះបុរាណមួយក្នុងក្រុងប៉េកាំងរយៈពេល ៣ ខែ ដើម្បីឱ្យ Faye Wong ស្នាក់នៅ។ ព័ត៌មានមួយនេះ បានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាខ្លាំង ដោយស្ញប់ស្ញែង Nicholas ហ៊ានចំណាយគ្រប់បែបយ៉ាង ដើម្បីតែក្ដីសុខរបស់មិត្តស្រី។
ទោះជាយ៉ាងណា ព័ត៌មានលេចឮនេះ ក៏ទទួលរងការរិះគន់ចាស់ដៃពីអ្នកលេងបណ្ដាញសង្គមមួយចំនួនផងដែរ។ ពួកគេបានធ្វើការប្រៀបធៀបក្ដីស្រឡាញ់របស់ Nicholas ចំពោះ Cecilia និង ចំពោះ Faye Wong គឺខុសគ្នាឆ្ងាយដូចមេឃ និង ដី។
ពួកគេបានលើកឡើងថា កាលមិនទាន់លែងលះគ្នាជាមួយ Cecilia តារាប្រុស Nicholas តែងតែបង្ហាញអាកប្បកិរិយាមិនសូវខ្វល់ខ្វាយ ធ្វើរឿងផ្គាប់ចិត្តប្រពន្ធនោះឡើយ ប៉ុន្តែនៅពេលវិលត្រឡប់រកស្នេហ៍ចាស់វិញ Nicholas បានប្រែទៅជាមនុស្សម្នាក់ផ្សេងទៀត ដែលមិនខ្វល់រឿងមុខមាត់ សុខចិត្តធ្វើគ្រប់សព្វបែបយ៉ាងឱ្យតែមិត្តស្រីសប្បាយចិត្ត៕