កាលនៅក្មេងធ្លាប់ជាជើងកាងបាតភូមិ ដើរផ្លូវខុស ដល់ពេលមានគ្រួសារ Kan លះបង់អស់ ក្លាយជាប្តី និង ឪពុកយ៉ាងល្អ
លោក Kan Kantathavorn បច្ចុប្បន្នជាពិធីករដ៏ឆ្នើមម្នាក់ក្នុងកម្មវិធីកម្សាន្តល្បីៗជាច្រើនរបស់ថៃ ដោយចាប់តាំងពីផ្លាស់ប្ដូរអាជីពពីតារាសម្ដែងមកជាពិធីករ តារាប្រុសរូបនេះកំពុងតែជោគជ័យខ្លាំង ព្រមទាំងទទួលបានប្រជាប្រិយភាពពីសំណាក់អ្នកគាំទ្រជាងនៅជាតារាសម្ដែង។ ដោយឡែកថ្មីៗនេះ តារាប្រុស Kan ក៏ទើបតែទទួលបាកូនប្រុសស្រីចំនួន ២ នាក់ជាចំណងដៃទៀត រឹតតែធ្វើឱ្យជីវិតគ្រួសារមានសុភមង្គលទ្វេដង។
មុននឹងឈានជើងមកក្លាយជាពិធីករល្បីឈ្មោះដូចសព្វថ្ងៃនេះ តារាប្រុសរូបសង្ហារូបនេះបានឆ្លងកាត់នូវភាពជូរចត់ លំបាកជាច្រើនរាប់មិនអស់ ហើយសូម្បីតែក្រុមគ្រួសារដែលជាសាច់ឈាមបង្កើតលោកក៏ពុំមាននរណាម្នាក់គាំទ្រឡើយ តែដោយសារតែភាពតស៊ូ អត់ធ្មត់ តារាប្រុសលោក Kan Kantathavorn ក៏បានសម្រេចនូវគោលបំណងជាពិធីកររបស់ខ្លួនបាន ហើយក៏មានឈ្មោះបោះសំឡេងខ្លាំងដូចជាសព្វថ្ងៃ។
ដោយឡែក បើងាកទៅមើលពីអតីតកាលរបស់តារាប្រុសរូបនេះវិញ ពីក្មេងគឺជាជើងកាង ធ្លាប់មានប្រវត្តិកាប់ចាក់គ្នា អាចនិយាយបានថាជាក្មេងស្ទាវមួយរូបដែលតែងមានរឿងរ៉ាវឈ្លោះគ្នាជារឿយៗ ក៏ប៉ុន្តែទីបំផុត លោកក៏បានលះបង់ចេញ ដោយហេតុថាឃើញមិត្តភក្តិរបស់ខ្លួនត្រូវគេចាក់ គេវាយដំយ៉ាងត្រដាបត្រដួសខ្លាំងពេក រហូតធ្វើឱ្យតារាប្រុសរូបនេះខ្លាច បាក់ស្បាត ហើយក៏លះបង់សាងខ្លួនជាថ្មី រហូតមានមុខរបរ អាជីព ជាអ្នកសិល្បៈល្បីល្បាញសុសសាយប្រទេស។
មិនត្រឹមប៉ុណ្ណោះ លោកក៏ជាប់ឈ្មោះជាមេគ្រួសារល្អផងដែរពីសំណាក់មហាជន ព្រោះចាប់តាំងមានប្រពន្ធកូន លោក Kan មើលថែកូន និង ប្រពន្ធមិនឱ្យលំបាកឡើយ។ សូម្បីតែមើលថែកូនតូច ក៏ Kan ធ្វើបានដែរ មិនដែលថាឱ្យប្រពន្ធជួយឡើយ ទាំងការងាររកស៊ី និង មើលថែកូនបានយ៉ាងល្អ រហូតអ្នកគាំទ្រដាក់រហស្សនាមឱ្យមេគ្រួសារគំរូ។ ជាការពិតណាស់ តាមរយៈសកម្មភាព និង ការយកចិត្តទុកលើគ្រួសារនាពេលបច្ចុប្បន្នមហាជន ម្នាក់ៗស្ទើរតែមិនចង់ជឿថាលោក ធ្លាប់ជាអ្នកលេងកាលពីមុននោះទេ ព្រោះផ្លាស់ប្ដូរ ៣៦០ ដឺក្រេ៕