Nicki Minaj បដិសេធមិនចង់ចាក់វ៉ាក់សាំងកូវីដ ព្រោះហេតុផលហួសចិត្តមួយនេះ
អ្នកគាំទ្រជាច្រើនបាននាំខកចិត្តមិនស្ទើរនោះទេ បន្ទាប់ពីមិនបានឃើញកំពូលតារារ៉េបស្រី Nicki Minaj មានវត្តមាននៅក្នុងកម្មវិធីពិព័រណ៍ហ្វេសសិនប្រចាំឆ្នាំ Met Gala ដោយសារតែនាងបានបដិសេធមិនចាក់វ៉ាក់សាំងការពារកូវីដ ដូចជាការតម្រូវតឹងរ៉ឹងរបស់កម្មវិធី ព្រោះតែហេតុផលមួយចំនួន។
ក្នុងនោះ ស្រីស្រស់ Nicki ក៏មិនបានលាក់ទុកមូលហេតុជុំវិញរឿងរ៉ាវបដិសេធការវ៉ាក់សាំងនេះឡើយ នាងបានចេញមុខមកសារភាពបកស្រាយឱ្យមហាជន និង អ្នកគាំទ្រទាំងឡាយបានដឹងផាំងៗតែម្តង។
នាងបានអះអាងឱ្យដឹងនៅក្នុងបណ្តាញ Twitter ដូច្នេះថា ៖ «ប្អូនជីដូនមួយរបស់នាង បានបដិសេធមិនចាក់វ៉ាក់សាំងកូវីដនេះ ក៏ព្រោះតែមិត្តភក្តិប្រុសរបស់គេម្នាក់ បានទទួលវារួចរាល់ហើយ ស្រាប់តែកើតអាការអសមត្ថភាពខាងផ្លូវភេទ ហើយថែមទាំងកើតជាការហើមពងស្វាសថែមទៀតផង។ អ្វីដែលគួរឱ្យហួសចិត្តនោះ គឺគេកំពុងតែត្រៀមចូលរោងការ តែបែរជាត្រូវខាងស្រីបដិសេធបញ្ចប់ពិធីនេះចោលទៅវិញ ព្រោះតែអាការខាងផ្លូវភេទរបស់ខាងប្រុសទាំងនោះ»។
យ៉ាងណាមិញ នាងក៏បានលើកឡើងដូចនេះវិញផងដែរថា នាងមិនបានចង់ចាក់វ៉ាក់សាំងដើម្បីតែកម្មវិធីណាមួយនោះទេ គឺនាងចង់ចាក់នៅពេលដែលនាងបានធ្វើការស្រាវជ្រាវពីវ៉ាក់សាំងទាំងនោះឱ្យបានត្រឹមត្រូវជាមុនសិន ចៀសវាងបញ្ហាសុខភាពមួយចំនួនដែលតាមមកពីក្រោយ ហើយនាងក៏កំពុងធ្វើការលើវាជាបណ្តើរៗផងដែរ។
ចំពោះបញ្ហាផ្លូវភេទដែលតារាស្រីរូបនេះបានអះអាង បានធ្វើឱ្យមានការក្តៅក្រហាយដល់ក្រសួងសុខភិបាលមិនតិចនោះទេ រហូតដល់ពួកគេធ្វើការស៊ើបរកភស្តុតាង និង រកការពិតភ្លាមៗតែម្តង។ ចុងក្រោយ ពួកគេបានបញ្ជាក់ច្បាស់ៗថា វាគ្មានផលប៉ះពាល់ដូចដែលនាងបានលើកឡើងឡើយ ហើយថែមទាំងនិយាយថា មិនគួរណាចំណាយពេលវេលាលើការស៊ើបនេះថែមទៀតផង៕
ប្រភព៖ HOLLYWOOD LIFE