ទម្លាយការពិតគួរឱ្យចាប់អារម្មណ៍ ពីក្រោយឈុតសិចស៊ីរបស់ CL នៅក្នុងកម្មវិធី Met Gala
ថ្មីៗនេះ កម្មវិធីពិព័រណ៍ហ្វេសិន Met Gala ដ៏ធំប្រចាំឆ្នាំ ត្រូវបានគេប្រព្រឹត្តឡើងយ៉ាងរលូន នាទីក្រុង New York ដោយមានការចូលរួមពីសំណាក់តារាបរទេសល្បីៗជាច្រើនរូប ជាពិសេសនោះ គេក៏ឃើញមានតារាស្រី K-POP ចំនួនពីររូប គឺ CL អតីតសមាជិកក្រុម 2NE1 និង Rose សមាជិកក្រុម BLACKPINK បានបង្ហាញមុខជាលើកដំបូងក្នុងកម្មវិធីនេះផងដែរ។
ក្នុងនោះ ស្រីស្រស់ទាំងពីរបានទាក់ទាញចំណាប់អារម្មណ៍មហាជននៅក្នុងកម្មវិធី ក៏ដូចជាតាមបណ្តាញសង្គមមិនតិចនោះទេ ព្រោះតែឈុតរបស់ពួកមានភាពសិចស៊ីប្លែកភ្នែករៀងខ្លួន ប៉ុន្តែតារាស្រី CL ហាក់មិនធម្មតានោះទេ នាងបានលេងខ្លួនស៊ិចស៊ីបញ្ឆេះអារម្មណ៍ ក្នុងឈុតរ៉ូបសាច់ក្រណាត់ខូវប៊យវែងរលុងអូសដី សំយ៉េះស្មាបង្ហាញសាច់សខ្ចី ថែមចំហល្វែងក្រោមឱ្យមានតែខោក្នុងពណ៌ស ថែមទាំងលេងជាមួយនឹងស្បែកជើងកែងថែមទៀតផង។
យ៉ាងណាមិញ ឈុតនេះត្រូវបានច្នៃឡើងដោយ Alexander Wang យកលំនាំតាមឈុតប្រពៃណីនារីបុរាណ Hanbok របស់ប្រទេសកូរ៉េខាងត្បូង ជាពិសេសនោះគឺកន្លែងចងបូរត្រង់ដើមទ្រូងតែម្តង។ លើសពីនេះទៅទៀត ម៉ូដសក់របស់ CL នេះ ក៏ត្រូវបានគេធ្វើឡើងដោយយកលំនាំតាមម៉ូដសក់របស់ស្រ្តីកូរ៉េបុរាណផងដែរ។
នេះ បានបញ្ជាក់ថា មិនត្រឹមតែបង្ហាញពីទឹកដៃក្នុងស្ទីលហ្វេសិននោះទេ CL ថែមទាំងឆ្លៀតបង្ហាញវប្បធម៌របស់ប្រទេសខ្លួន ទៅកាន់អន្តរជាតិថែមទៀតផង។
យ៉ាងណាមិញ អ្នកគាំទ្រពិតមានអារម្មណ៍សប្បាយរំជើបរំជួលខ្លាំងណាស់ ចំពោះការបង្ហាញខ្លួនរបស់នាងលើកនេះ ហើយក៏សង្ឃឹមដែរថា នាងនឹងបន្តលេចមុខនៅក្នុងកម្មវិធីហ្វេសិនតទៅទៀត ជាពិសេសគឺ Met Gala នេះនៅឆ្នាំក្រោយៗផងដែរ៕
ប្រភព៖ ALL KPOP