លែងលះគ្នា ១០ឆ្នាំ តែ Nicholas Tse តែងវេរលុយ ១២ លានដុល្លាររាល់ឆ្នាំ ទុកឱ្យអតីតប្រពន្ធចិញ្ចឹមកូនៗ
តារាសម្ដែង និង ជាកំពូលចុងភៅដ៏ល្បី Nicholas Tse ត្រូវបានឱ្យដឹងថា បានរៀបការជាមួយតារាសម្ដែងស្រីសាច់ចាំ Cecilia Cheung ក្នុងឆ្នាំ ២០០៦។ ក្នុងចំណងអាពាហ៍ពិពាហ៍ ពួកគេទាំង ២ ក៏ឈានដល់សុភមង្គលមួយកម្រិតទៀត ក្រោយទទួលបានកូនប្រុសចំនួន ២ នាក់។ ទោះជាយ៉ាងណា ចំណងអាពាហ៍ពិពាហ៍របស់តារាមួយគូនេះ ក៏ត្រូវបានបញ្ចប់ទៅវិញក្នុងឆ្នាំ ២០១១។
តាមសារព័ត៌មានក្នុងស្រុកបានឱ្យដឹងថា បើទោះបីជាមិនមានឈ្មោះជាប្ដីប្រពន្ធតទៅទៀតក៏ពិតមែន ប៉ុន្តែក្ដីស្រឡាញ់ចំពោះកូននៅតែមានជានិច្ច។ តារាសម្ដែង Nicholas នៅតែបំពេញតួនាទីជាឪពុកដ៏ល្អម្នាក់ ទោះបីមិនបាននៅក្បែរ ផ្ដល់ភាពកក់ក្ដៅដល់កូនៗ តែលោកនៅតែផ្ញើប្រាក់យ៉ាងច្រើនរហូតដល់ ១២ លានដុល្លារ ជារៀងរាល់ឆ្នាំទៅឱ្យអតីតភរិយា ដើម្បីទុកចិញ្ចឹមកូន។
គួរបញ្ជាក់ថា តារាសម្ដែង Nicholas Tse គឺជាតារាមួយរូបដែលពោរពេញដោយទេពកោសល្យក្នុងខ្លួន មិនថាតែអាជីពក្នុងវិស័យសិល្បៈ ឬក៏មុខជំនួញផ្ទាល់ខ្លួននោះឡើយ។ បើតាមការចេញផ្សាយរបស់វិបសាយព័ត៌មាន 163 បានឱ្យដឹងថា មកទល់ពេលនេះ ទ្រព្យសម្បត្តិរបស់ Nicholas គឺកើនដល់ជាង ១៤៤ លានដុល្លារហើយ៕
ប្រភព៖ Zing News