អ្នកគាំទ្រស្លន់ជំនួស Ariana Grande ក្រោយស្ទាវម្នាក់ បុកចូលផ្ទះនាងទាំងយប់ ដើម្បីតែរឿងមួយនេះ
អ្នកគាំទ្រនាំគ្នាភ័យស្លន់ស្លោជំនួសមិនស្ទើរនោះទេ បន្ទាប់ពីនៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២១ កន្លងទៅនេះ មានបុរសម្នាក់បានបុកសម្រុកទាំងកំរោលចូលទៅអុកឡុកផ្ទះរបស់កំពូលតារាចម្រៀងប៉ុប Ariana Grande នៅ Hollywood Hills ក្រុង Los Angeles យ៉ាងមិនគួរឱ្យនឹកស្មាន។
តាមព័ត៌មានបានឱ្យដឹងថា បុរសម្នាក់នេះ មានឈ្មោះ Aaron Brown អាយុ ១៨ ឆ្នាំ សុខៗគេបានលេចមុខធ្លោនៅផ្ទះរបស់ នៅម៉ោង ២ រំលងអធ្រាត្រតែម្តង រួចថែមទាំងក្រាញននៀលទាមទារចង់ជួបនាងទាំងយប់បែបនេះថែមទៀតផង។
ឃើញដូចនេះ អ្នកយាមផ្ទាល់នៅទីនោះ ក៏បានព្យាយាមធ្វើការហាមឃាត់ទៅតាមតួនាទី តែទំនងជាបុរសម្នាក់នោះមិនបានស្តាប់ឡើយ បែរកើតជាកំហឹងខឹងសម្បា រួចក៏ព្រហើនទាញកាំបិតមកវាយប្រហារទៅលើអ្នកយាមទៅវិញ។ ក្រោយពីប្រវាយប្រតប់អស់មួយសន្ទុះ នៅចុងក្រោយ ក៏មានអ្នកទាក់ទងទៅប៉ូលិស ហើយបុរសដៃដល់រូបនេះក៏ត្រូវបានគេឃាត់ខ្លួន ហើយឥលូវនេះ គេក៏កំពុងប្រឈមបណ្តឹងចោទប្រកាន់ចំពោះហេតុការណ៍នេះថែមទៀតផង។
យ៉ាងណាមិញ គេមិនប្រាកដទេថា ខណៈពេលកើតហេតុ តារាស្រី Ariana Grande បានវត្តមានក្នុងផ្ទះនោះឬអត់ទេ ប៉ុន្តែអ្នកគាំទ្រនៅតែបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួនរបស់នាងដដែល ព្រោះហេតុការណ៍បែបនេះ មិនបានកើតឡើងចំពោះតារារាងតូចម្នាក់នេះជាលើកទីមួយឡើយ៕
ប្រភព៖ DAILY MAIL