តារាស្រីម្នាក់គក់ទ្រូង ទម្លាយសភាពអាហារនៅកម្មវិធី Met Gala មិនសមសំបុត្រតម្លៃ ៣ ម៉ឺនដុល្លារ
កម្មវិធីហ្វេសសិនលំដាប់ពិភពលោក Met Gala ត្រូវបានស្គាល់ថា ជាកម្មវិធីដ៏ធំលំដាប់អភិជនមួយ ដែលទាក់ទាញកំពូលតារាល្បីៗជាច្រើនពាសពេញពិភពលោកឱ្យចូលរួមក្នុងតម្លៃសំបុត្រមួយសន្លឹក ៣ ម៉ឺនដុល្លារ។ ទោះជាយ៉ាងណា ថ្មីៗនេះមហាជនជាច្រើនបាននាំគ្នាភ្លឹកហួសចិត្តនឹងអាហារដែលបម្រើជូនភ្ញៀវចូលរួមកម្មវិធីនោះ ដែលមានសភាព និង រូបរាងមិនគួរឱ្យចង់បរិភោគ។
ជាក់ស្ដែង តារាសម្ដែង Kek Palmer បានធ្វើការបង្ហោះរូបភាពនៃអាហារក្នុងកម្មវិធី Met Gala ដែលរូបនាងបានចូលរួមកាលពីពេលកន្លងទៅនេះ បានធ្វើឱ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើលគ្រប់គ្នា។ តាមរយៈការបង្ហោះនោះ តារាស្រីរូបនេះ បានបង្ហាញពីឈុតសាឡាដដែលសុទ្ធសឹងតែបន្លែ និង មានបរិមាណតិចតួចបំផុត។
អមនឹងរូបភាពដែលបានបង្ហោះ តារាស្រីវ័យ ២៨ ឆ្នាំរូបនេះ បានសរសេររៀបរាប់ថា ៖ «មូលហេតុនឹងសោះ បានពួកគេមិនបង្ហាញពីមុខម្ហូបឱ្យអ្នកទាំងអស់គ្នាបានឃើញ។ ខ្ញុំគ្រាន់តែនិយាយលេងទេ»។
គួររំឭកថា កម្មវិធីហ្វេសសិនលំដាប់ពិភពលោក Met Gala 2021 បានប្រព្រឹត្តទៅយ៉ាងរលូននាពេលថ្មីៗកន្លងទៅនេះ ដោយមានការចូលរួមពីសំណាក់តារា និង បុគ្គលល្បីៗជាច្រើន៕
ប្រភព៖ Dailymail