ស្ងាត់ឈឹងពីសិល្បៈ ការពិត ហង្ស ឧត្តមមុន្នី បែរមកសំងំរកស៊ីលើមុខជំនួញនេះ
បើគិតមកដល់ពេលនេះរយៈពេលប្រមាណជាជិត ៣ ឆ្នាំហើយ ដែលតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ លោក ហង្ស ឧត្តមមុន្នី ហាក់ស្ងាត់បាត់ឈឹងលើវិថីសិល្បៈ ដោយកាលនោះគេចាំបានថា វត្តមានរបស់លោកចុងក្រោយដោយការឡើងឆាកតន្ត្រី និង ចេញបទចម្រៀងថ្មី គឺនៅឆ្នាំ ២០១៨។
ការបាត់ឈឹងលើវិថីសិល្បៈរបស់លោក ហង្ស ឧត្តមមុន្នី ក៏បានធ្វើឱ្យមហាជនអ្នកគាំទ្រជាច្រើនមានចម្ងល់ និង ចង់ដឹងពីសុខទុក្ខលោកយ៉ាងខ្លាំង ក៏ព្រោះតែសុខៗលោក ហង្ស ឧត្តមមុន្នី បានចាកចេញពីអាជីពជាតារាចម្រៀងយ៉ាងស្ងៀមស្ងាត់យ៉ាងនេះ បើទោះជាអំឡុងឆ្នាំ ២០២០ លោកធ្លាប់បានបង្ហាញវត្តមានលើឆាកតន្ត្រីម្តងម្កាលក្តី។
យ៉ាងណាមិញ បើក្រឡេកទៅមើលគណនីហ្វេសប៊ុករបស់លោក ហង្ស ឧត្តមមុន្នី ក៏ពុំសូវជាបានប្រើញឹកញាប់នោះដែរ។ ម្តងម្កាលលោកផុសរូប និង សកម្មភាពបច្ចុប្បន្ននៃមុខជំនួញរបស់លោក ដែលពាក់ព័ន្ធនឹងផ្នែកលក់ដីឡូត៍។
គួររំឮកថា លោក ហង្ស ឧត្តមមុន្នី មិនមែនទើបតែចាប់ផ្តើមលើវិស័យអចលនទ្រព្យនៅពេលដែលលោកចាកចេញពីវិថីសិល្បៈនោះទេ តែគេចាំបានថាលោកបានចាប់ផ្តើមអាជីពនេះតាំងពីនៅជាតារាចម្រៀងនៅឡើយមកម្ល៉េះ។ លើសពីនោះក្រៅពីអាជីពផ្នែកលក់ដីឡូត៍នេះ លោក ហង្ស ឧត្តមមុន្នី ក៏មានបើក «តន្ត្រីសម័យ ហង្ស ឧត្តមមុន្នី» ដែលទទួលរៀបចំកម្មវិធីជប់លៀងផ្សេងៗទៀតផង៕