លើកដំបូង Fluke និង ភរិយា នាំកូនស្រីអាយុទើបតែ ៥ ខែ ទៅធ្វើរឿងមួយយ៉ាងរីករាយ
ដូចដែលប្រិយមិត្តបានដឹងហើយថា ចាប់តាំងតែទទួលបានកូនស្រីបណ្ដូលចិត្តម្នាក់ជាចំណងដៃមក លោក Fluke និង ភរិយា ហាក់មានក្ដីសុខសុភមង្គលកាន់តែខ្លាំងមួយកម្រិតទៀត។ សម្រាប់ Fluke ចាប់តាំងពីតារាស្រី Natalie សម្រាលមក លោកបានដើរតួនាទីជាមេគ្រួសារយ៉ាងល្អសម្រាប់កូន និង ភរិយា គឺថាមិនឱ្យខ្វះចន្លោះអ្វីឡើយ។
ជារឿយៗមហាជនតែងឃើញ Fluke បង្ហោះរូបភាពស្និទ្ធស្នាលជាមួយប្រពន្ធកូនណាស់ ពោលស្ទើរតែមួយជំហានមិនឃ្លាតឡើយ។ ដោយឡែក បើងាកទៅមើលកូនស្រីសំណព្វចិត្ត អូន Natacha ភ្លេចៗខ្លួនពេលនេះ មានអាយុ ៥ ខែបាត់ទៅហើយ ពិតជាធំធាត់លឿន និង ឃ្យូដគួរឱ្យស្រឡាញ់ណាស់។
ជាលើកដំបូងហើយដែលថ្មីៗនេះ Fluke និង ភរិយា បាននាំកូនស្រីរបស់ខ្លួនទៅដើរលេងកម្សាន្ត មើលទេសភាពធម្មជាតិបៃតង ដែលរីកស្រស់ត្រកាលនារដូវវស្សា ព្រមទាំងបានផ្តិតយករូបភាពស្រស់ស្អាតជាច្រើនសន្លឹក បង្ហាញពីក្ដីស្រឡាញ់ឥតព្រំដែនចំពោះកូន។ លើសពីនោះ តារាប្រុសលោក Fluke ក៏បានបង្ហោះរូបភ្ជាប់ជាមួយសារមួយឃ្លាផងដែរថា ៖ «នាំកូនស្រីមកមើលពិភពលោកដ៏ស្រស់ស្អាត ជាដំណើរកម្សាន្តដំបូងហើយសម្រាប់អូន Natacha ពិតជារំភើបណាស់»។
យ៉ាងណាមិញ សម្រាប់មហាជនអ្នកគាំទ្រ បន្ទាប់ពីឃើញគ្រួសាររបស់ Fluke មានក្ដីសុខខ្លាំងដូចនោះ ពួកគេម្នាក់ៗក៏មានអំណរ និង រំភើបជាមួយដែរ ហើយពួកគេក៏អួតសរសើរណាស់ដែរចំពោះ Fluke ដែលជាមេគ្រួសារល្អ ស្វាមីល្អ និង ឪពុកល្អសម្រាប់កូន៕