ភៀវភៀវ តួស្រី «ស្តេចកំប្លែងទិនហ្វី» ប្រកាសស្វែងរកអ្នកស្អំបេះដូង ក្រោយមេម៉ាយជាង ១០ ឆ្នាំ
តារាសម្តែងស្រីចាស់របស់ចិនហុងកុងអ្នកនាង Cecilia Cheung ដែលប្រិយមិត្តភាគច្រើនតែងហៅថា «ភៀវភៀវ» ដែលជាតួអង្គស្រីក្នុងរឿង «ស្តេចកំប្លែងទិនហ្វី» ចេញក្នុងឆ្នាំ ១៩៩៩ បានប្រកាសបើកបេះដូងជាថ្មី ក្រោយស្ពាយឈ្មោះមេម៉ាយជាង ១០ ឆ្នាំ។
តារាសម្តែងស្រីដែលកសាងកេរ្តិ៍ឈ្មោះជាង ២ ទសវត្សរ៍រូបនេះបានធ្លោយមាត់ទម្លាយរឿងរ៉ាវ ដែលលាក់ទុកក្នុងចិត្តអស់ពេលជាច្រើនឆ្នាំក្នុងកម្មវិធី Life is Beautiful 2 ក្រោយពេលត្រូវបានគេចោតសួរថា៖ «តើនាងមានបំណងចង់រៀបការម្តងទៀតដែរឬទេ?»។
តារាស្រីវ័យ ៤១ ឆ្នាំ រូបនេះបានតបវិញទាំងទឹកមុខក្រហមព្រឿងៗថា៖ «ប្រសិនបើមានបុរសដែលស្រឡាញ់នាងខ្លាំង សុំរៀបការជាមួយនាង ដោយគាត់ច្បាស់ថាត្រូវការរូបនាងក្នុងជីវិតពិតមែននោះ នាងនឹងយល់ព្រម។ នាងត្រូវការបុរសដែលអាចផ្តល់ភាពកក់ក្តៅដល់នាង និង កូនៗទាំង ៣ ហើយអាចសាងគ្រួសារដែលមានសុភមង្គល»។
គួរបញ្ជាក់ឱ្យដឹងដែរថា Cecilia Cheung មានកូនប្រុសចំនួន ៣ នាក់ដែលមានឈ្មោះថា Lucas, Quintus និង Marcus ដោយនាងបានរៀបការជាមួយតារាសម្តែងប្រុស Nicholas Tse នៅក្នុងឆ្នាំ ២០០៦។ រយៈពេល ៥ ឆ្នាំក្រោយចំណងអាពាហ៍ពិពាហ៍ អ្នកទាំង ២ បានសម្រេចចែកផ្លូវគ្នាក្នុងឆ្នាំ ២០១១៕