ខុសត្រូវគ្នាតែ ២ ថ្ងៃ ប្តីប្រពន្ធ ឆាយ វីរៈយុទ្ធ បង្ហាញក្តីស្រឡាញ់ឱ្យគ្នាយ៉ាងរំភើប ក្នុងថ្ងៃខួបកំណើត
កាលពីថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២១ កន្លងទៅ មហាជនអ្នកគាំទ្រតារាចម្រៀង ឆាយ វីរៈយុទ្ធ ប្រាកដជាបានជ្រាបមកហើយថា លោកទើបតែបង្ហាញក្តីស្រឡាញ់យ៉ាងផ្អែមល្ហែម អបអរសាទរថ្ងៃកំណើតរបស់ភរិយា គឺអ្នកនាង សែ ចាន់ឌី។ ក្នុងនោះ លោក ឆាយ វីរៈយុទ្ធ បានរៀបចំកម្មវិធីថ្ងៃកំណើតភរិយាដល់ទៅ ២ ដង ដោយនៅពេលលោកបានរៀបចំនំខេកយ៉ាងសាមញ្ញជូនភរិយានៅឯចំការ និង ពេលល្ងាចលោកក៏ភ្លេចបង្កើតភាពរ៉ូមែនទិក ដោយនាំភរិយាទៅញុំាអាហារពេលល្ងាចនៅហាងទំនើបផងដែរ។
យ៉ាងណាមិញ រំលងបានប្រមាណ ៣ ថ្ងៃ ពោលគឺនៅថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២១ ក៏ជាថ្ងៃកំណើតរបស់លោក ឆាយ វីរៈយុទ្ធ វិញម្តង ភ្លាមនោះ អ្នកនាង សែ ចាន់ឌី ក៏មិនភ្លេចថ្ងៃកំណើតស្វាមីដូចគ្នាដែរ ដោយភរិយារបស់តារាចម្រៀងប្រុសប្រចាំផលិតកម្មសាន់ដេខាងលើនេះ បានតបស្នងក្តីស្រឡាញ់ភ្លាមៗ ដោយអ្នកនាងបានរៀបចំថ្ងៃកំណើតជូនស្វាមីវិញពោរពេញដោយសុភមង្គល។
មិនត្រឹមតែប៉ុណ្ណោះ អ្នកនាង សែ ចាន់ឌី បានបង្ហោះសារពោរពេញដោយក្តីស្រឡាញ់ជូនលោក ឆាយ វីរៈយុទ្ធ ជាស្វាមីថា៖ «រីករាយថ្ងៃខួបកំណើតប្តីសម្លាញ់ 12-09-2021 ឆាយ វីរៈយុទ្ធ Chhay Virakyuth អូនសូមជូនពរបង ឱ្យមានសេចក្តីសុខ សុខភាពល្អ សំណាងល្អ និង ជោគជ័យទាំងការងារកំពុងមានក្នុងដៃ និង ការងារថ្មីៗទាំងអស់។ I love you so much, my beloved husband»។
ជាការពិត តារាចម្រៀងប្រុសប្រចាំផលិតកម្មសាន់ដេ លោក ឆាយ វីរៈយុទ្ធ ចាប់តាំងពីបានរៀបការសាងគ្រួសារយ៉ាងមានសុភមង្គល ព្រមទាំងបានទទួលចំណងដៃកូនស្រីដ៏គួរឱ្យស្រឡាញ់ម្នាក់មក ធ្វើឱ្យលោកទទួលបាននូវគ្រួសារដ៏ពេញលេញមួយនៅក្នុងជីវិត ហើយគ្រួសារលោក ក៏ត្រូវបានចាត់ថាជាគ្រួសារគំរូនៅក្នុងសិល្បៈទៀតផង៕