ឃើញ Idol ខំស្ទុះទៅសុំថត តែត្រូវច្រានចេញ មានអី Conor វ៉ែ Idol ឡើងផ្អើលកម្មវិធីទទួលរង្វាន់
កំពូលកីឡាប្រដាល់លោក Conor McGregor ត្រូវបានគេប្រទះឃើញបានបម្រុងនឹងប្រើប្រាស់ហិង្សារករឿងវាយប្រតប់យ៉ាងច្រងេងច្រងាង ទាំងជើងមិនទាន់ជាស្រួលបួល ជាមួយនឹងតារាប្រុសលោក Machine Gun Kelly ផ្អើលអស់កម្មវិធីទទួលពានរង្វាន់ប្រចាំឆ្នាំ VMAs កាលពីថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២១ កន្លងទៅ។
សំណាងល្អអ្នកទាំងពីរត្រូវបានសន្តិសុខ និង អ្នកចូលរួមក្នុងកម្មវិធីជាមួយ ឃាត់បំបែកចេញទាំងសងខាងទាន់ពេលវេលា ទើបមិនមានការឈ្លោះប្រកែកវាយដំកាន់តែធ្ងន់ធ្ងរជាងនេះឡើយ។ ដើមហេតុនៃជម្លោះ ត្រូវបានគេឱដឹងថា ដំបូង Conor បានសុំតារាប្រុស Kelly ថតរូបជាមួយតែត្រូវគេបដិសេធ ហើយថែមទាំងច្រានរូបលោកឱ្យស្ទើរតែដួលផ្ងារក្រោយ រហូតដល់កំពប់ភេសជ្ជៈនៅក្នុងដៃថែមទៀតផង។
ភ្លាមៗកីឡាករ Conor ក៏បានផ្ទុះជាកំហឹងខឹងសម្បា រួចគប់កែវទៅលើ Kelly តែម្តង ដែលបណ្តាលឱ្យក្លាយទៅជាការឆាបឆួលអារម្មណ៍ អត់មិនបានទាំងសងខាង ចុងក្រោយទាំងគូក៏ស្ទុះដាក់គ្នាយ៉ាងកំរោល ដោយមិនខ្វល់ភ្នែកអ្នកចូលរួមដទៃឡើយ។
យ៉ាងណាមិញ ក្រោយពីត្រូវបានគេបំបែករៀងខ្លួនមក ពួកគេក៏នៅតែបន្តការចូលរួមនៅក្នុងកម្មវិធីរហូតដល់ចប់ដដែល។ ចំណែក អ្នកតំណាងរបស់ Conor McGregor បានឱ្យដឹងដូច្នេះថា លោកមិនបានសុំនរណាថតរូបនោះទេ ហើយលោកក៏មិនមែនជាអ្នកចាប់ផ្តើមជម្លោះនេះផងដែរ៕
ប្រភព៖ YAHOO