មួយប៉ប្រិចភ្នែក Zheng Shuang ពីតារាលំដាប់កំពូលកាន់លុយវាល់លាន ធ្លាក់ដល់បាត ព្រោះរឿងអាស្រូវពីរនេះ
កាលពីថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ ២០២១ កន្លងទៅ សារព័ត៌មាន Sina បានចេញផ្សាយថា គណនីបណ្ដាញសង្គមផ្លូវការចំនួន ២ របស់តារាស្រីរងរឿងអាស្រូវ Zheng Shuang នឹងត្រូវលុបចោលទាំងអស់។ បន្ថែមពីនេះ រាល់ទិន្នន័យព័ត៌មានរបស់តារាស្រីនេះទាំងអស់លើបណ្ដាញសង្គម Weibo ក៏បាត់បង់គ្មានសល់ដូចគ្នា។
Zheng Shuang គឺជាតារាស្រីចិនមួយរូប ដែលបានបាត់បង់គ្រប់យ៉ាងរាប់ទាំងកេរ្តិ៍ឈ្មោះ គ្រួសារ និង ទ្រព្យសម្បត្តិ ក្នុងវ័យត្រឹម ៣០ ឆ្នាំ។ កាលដើមឆ្នាំ ២០២១ តួស្រីប្រចាំរឿង «Love O2O» រូបនេះ ត្រូវបានអតីតស្វាមីបកអាក្រាតរឿងជួលគេពពោះកូនជំនួស និង មិនមានទំនួលខុសត្រូវជាម្ដាយ។ បញ្ហាចម្រូងចម្រាស់ក្នុងគ្រួសាររបស់នាង និង ស្វាមី ត្រូវបានបញ្ចប់ត្រឹមតុលាការកាត់ក្ដីឱ្យអតីតស្វាមីរបស់នាងទទួលសិទ្ធិមើលថែកូនៗ ដោយរូបនាងជាម្ដាយ អាចត្រឹមជួបមុខកូនៗម្ដងម្កាលតែប៉ុណ្ណោះ។
រឿងរ៉ាវបញ្ហាជីវិតរបស់នាងមិនបញ្ចប់ត្រឹមហ្នឹងនោះឡើយ មកដល់ចុងខែសីហា ឆ្នាំ ២០២១ កន្លងទៅ នាង Zheng Shuang បែរមកជួបបញ្ហាធំមួយទៀត ដោយរូបនាងត្រូវបានជាប់ទោសគេចពន្ធ ដែលតម្រូវឱ្យរូបនាងត្រូវបង់ពិន័យសរុបចំនួន ៤៦ លានដុល្លារតាមកាលកំណត់។ Zheng Shuang ត្រូវបានឱ្យដឹងថា បានប្រកាសលក់ផ្ទះចំនួន ២ របស់នាងភ្លាមៗក្នុងតម្លៃក្រោមទីផ្សារ ដើម្បីយកប្រាក់មកបង់ថ្លៃពិន័យគេចពន្ធនេះ។
មិនចប់ត្រឹមហ្នឹងនោះឡើយ ជីវិតនាង Zheng Shuang នៅបន្តធ្លាក់ដល់បាត នៅពេលនាងត្រូវបានខាងក្រសួងផ្សព្វផ្សាយវិទ្យុ និងទូរទស្សន៍ជាតិ ប្រកាសជាផ្លូវការលែងឱ្យចូលបម្រើការលើវិស័យសិល្បៈជារៀងរហូត។ ក្រោយជួបបញ្ហារឿងអាស្រូវឥតឈប់ឈរ ទីបំផុត នាង Zheng Shuang នឹងត្រូវបាត់មុខពីបណ្ដាញសង្គមជារៀងរហូត៕