សង្ស័យលោប៉ាអ្នកម៉ាក់ អូន Smile ចូលរោងការឆាប់ៗ ក្រោយចាប់បានភស្តុតាងនេះ
ជាការពិតណាស់ មហាជនអ្នកគាំទ្របានដឹងមកហើយ បើគិតមកដល់ពេលនេះរយៈជិត ១ ឆ្នាំ ហើយ ដែលតារាសម្តែង ឌី សូនីត្តា និង លោក អេឡិច ហ្សូរ៉ា បានទទួលចំណងស្នេហ៍កូនស្រីដ៏ស្រស់ស្អាតម្នាក់ឈ្មោះថា ហ្សូតា ម៉ីហាណា ហៅ អូន Smile។ បើមិនទាន់បានរៀបការតាមប្រពៃណីក្តី តែយ៉ាងណា អ្នកនាង ឌី សូនីត្តា និង លោក អេឡិច ហ្សូរ៉ា រួមទាំងកូនស្រី ក៏កំពុងទទួលបានសុភមង្គលយ៉ាងពេញលេញក្នុងជីវិតផងដែរ។
បើទោះជាមិនទាន់បង្ហើបលើកយកគម្រោងរៀបការក៏ពិតមែន ប៉ុន្តែអ្នកនាង ឌី សូនីត្តា និង លោក អេឡិច ហ្សូរ៉ា ក៏ត្រូវបានមហាជនអ្នកគាំទ្រ និង មិត្តភក្តិទាំងក្នុង-ក្រៅសិល្បៈរង់ចាំថ្ងៃល្អរបស់អ្នកទាំង ២ ដោយសង្ឃឹមថាអាចនឹងមកដល់ក្នុងពេលឆាប់ៗទៀតផង។
យ៉ាងណាមិញ កាលពីថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២១ កន្លងទៅនេះ លោក អេឡិច ហ្សូរ៉ា បានបង្ហោះរូបភាពជួបជុំក្រុមគ្រួសារ ដោយមានឪពុកម្តាយបង្កើត ម្តាយក្មេក ប្អូនប្រុសបង្កើត ព្រមទាំងភរិយា គឺអ្នកនាង ឌី សូនីត្តា ហើយលោកបានសរសេរសារអមថា៖ «កូវីដធ្វើឱ្យយើងឃ្លាតពីគ្នា! តែឃ្លាតបានតែកាយនោះទេ ព្រោះចិត្ត និង ក្តីស្រឡាញ់មិនអាចឃ្លាតបាននោះទេ ព្រោះថាយើងជាគ្រួសារតែមួយ។ គេមិនយល់មិនអីទេ សំខាន់គ្រួសារ និង មនុស្សដែលស្រឡាញ់យើងពិត គាត់យល់ទៅបានហើយ!»។
ដោយឡែក សារខាងលើរបស់លោក អេឡិច ហ្សូរ៉ា ក៏ត្រូវបានអ្នកនាង ឌី សូនីត្តា បានចែករំលែក និង ភ្ជាប់សារដ៏គួរឱ្យចាប់អារម្មណ៍ថា៖ «វាមិនដែលសុខៗប្រជុំគ្រួសារទេពូ? ប្រាប់បងប្អូនតាមត្រង់ភ្លាម! John Alexora»។ សារនោះ បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក លើកឡើងថា អ្នកនាង ឌី សូនីត្តា ពោលពាក្យនេះឡើងអាចនឹងមានដំរួញល្អ ពោលគឺអ្នកទាំងពីរអាចនឹងចូលរោងការក្នុងពេលឆាប់ៗ ឬ យ៉ាងណា ក៏ព្រោះតែសុខៗក្រុមគ្រួសារទាំងសងខាងមកជួបជុំគ្នាភ្លាមៗបែបនេះ?
រឿងបន្ត អាចនឹងដូចការប៉ាន់ស្មានរបស់អ្នកគាំទ្រពិត ឬ យ៉ាងណា មានតែរង់ចាំអ៊ុតមើលតារាប្រុសស្រីទាំង ២ បន្ត!