ទីបំផុត Mew សម្រាលបានកូនស្រីមុខមាត់គួរឱ្យក្នាញ់ រីឯឈ្មោះពីរោះមិនធម្មតាទេ
តាំងតែពីថ្ងៃដំបូង ដឹងខ្លួនថាមានផ្ទៃពោះ ភ្លាម Mew Nittha និង ក្រុមគ្រួសារមានសេចក្ដីរំភើបខ្លាំងណាស់។ ចំណែក លោក Saint ដែលជាស្វាមី ឮថាប្រពន្ធមានទម្ងន់ពពោះភ្លាម បានមើលថែយកចិត្តទុកដាក់យ៉ាងល្អិតល្អន់មិនឱ្យតារាស្រី Mew ទាស់ចិត្តឡើយ ព្រោះថានេះ ជាទាយាទដំបូងគេរបស់លោក។
យ៉ាងណាមិញ ការរង់ចាំអស់ជាច្រើនខែ នៅទីបំផុត តំណក់ឈាមដំបូងរវាងតារាសម្ដែងស្រី Mew Nittha និង សេដ្ឋីហាយសូរ Saint បានសម្រាលឃើញពន្លឺថ្ងៃហើយ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០២១ កន្លងទៅនេះ ហើយការសម្រាលប្រកបដោយសុខសុវត្ថិភាព។
ជាមួយគ្នានោះ កូនដំបូងរបស់អ្នកសិល្បៈមួយគូនេះ មានមុខមាត់ស្អាតបាត ដោយពួកគេបានដាក់ឈ្មោះឱ្យកូនស្រីបណ្ដូលចិត្តថា « Marin » ។ លើសពីនោះ អូន Marin គឺមានសុខភាពល្អខ្លាំងណាស់ ធ្វើឱ្យអ្នកនៅក្នុងរង្វង់សិល្បៈ ក៏ដូចជាទស្សនិកជនរំភើបរីករាយជាមួយនឹងអ្នកម្ដាយ Mew ណាស់ដែលទទួលបានកូនស្រីដ៏ស្រស់ស្អាតបែបនេះ៕