មួយរយៈពេលកន្លងទៅនេះ មហាជន ក៏ដូចជាអ្នកស្នេហាវិស័យកីឡាបាល់ទាត់ មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីបានឃើញគណនីកីឡាករបាល់ទាត់លំដាប់ពិភពលោក Cristiano Ronaldo បានបង្ហោះរូបភាពរបស់លោក ជាមួយនឹងផ្ទាំង Guiness World Record ភ្ជាប់ជាមួយនឹងពាក្យពេចន៍ ដែលមានន័យជាភាសាខ្មែរថា៖ « សូមអរគុណចំពោះ Guinness World Record ។ វាតែងតែល្អ ដែលត្រូវបានគេទទួលស្គាល់ថា ជាអ្នកបំបែកឯកទគ្គកម្មពិភពលោកមួយរូប។ តោះព្យាយាម កំណត់លេខឱ្យខ្ពស់ជាងនេះ!»។
យ៉ាងណាមិញ ជុំវិញការបំបែកកំណត់ត្រានេះ បើតាមលិខិតបញ្ជាក់ពីខាង Guinness World Record បានឱ្យដឹងថា Cristiano Ronaldo ជាប់ជា កីឡាករដែលស៊ុតបញ្ចូលទីជូនជម្រើសជាតិច្រើនជាងគេ នៅលើពិភពលោក ខណៈជម្រើសជាតិដែលលោកលេងឱ្យគឺ ប្រទេស ព័រទុយហ្កាល់ ក្នុងចន្លោះឆ្នាំ ២០០៣ រហូតមកទល់នឹងឆ្នាំ ២០២១ នេះ។
គួររំឭកផងដែរថា ថ្មីៗនេះ កីឡាករដែលទើបតែបំបែកកំណត់ត្រាពិភពលោករូបនេះ បានផ្ទេរទៅលេងក្លឹបចាស់របស់ខ្លួន ក្នុងទឹកដី Old Trafford វិញ ក្រោយចាកចេញអស់រយៈពេលជាង ១០ ឆ្នាំ។ ក្នុងនោះ លោកធ្លាប់ទៅលេងឱ្យក្លឹបកំពូលចំនួន ២ នៅអេស្ប៉ាញ និង អ៊ីតាលី ដែលមានដូចជា ក្លឹប «Real Madrid» និង «Juventus»។ បច្ចុប្បន្ន លោកបានត្រឡប់មកទឹកដីអង់គ្លេសវិញ ដែលជាទ្រនំចាស់របស់ខ្លួន គឺលេងនៅក្លឹប «Manchester United»៕