ផ្តាច់ខ្លួនពីសិល្បៈយូរឆ្នាំ ស្រី ម៉ាលីកា Freshie Girl លេខ ២ ឆ្នាំ ២០០៧ បែរមកលក់អនឡាញយ៉ាងសាមញ្ញ
មហាជននិយមតានដានទស្សនាកម្មវិធីប្រកួត Freshie Girl & Boy ជារៀងរាល់ឆ្នាំ ប្រាកដជានៅចាំនៅឡើយនូវជ័យលាភី Freshie Girl & Boy ជំនាន់ទី ៦ ឆ្នាំ ២០០៧ ដោយមានដូចជា កញ្ញា ហ៊ិន ចាន់និរ័ត្ន លោក ជា សុវណ្ណារិទ្ធ កញ្ញា ស្រី ម៉ាលីកា លោក គឹម សីហា អ្នកនាង សេង អរិយ៉ា និង លោក សាន សិលា ជាដើម។
ថ្ងៃនេះ «ប្រជាប្រិយ» នឹងលើកយកនូវអតីត Freshie Gril ចំណាត់ថ្នាក់លេខ ២ ជំនាន់ទី ៦ ឆ្នាំ ២០០៧ កញ្ញា ស្រី ម៉ាលីកា ដែលហាក់បាត់ឆ្ងាយពីសិល្បៈជាច្រើនឆ្នាំ និង មិនសូវបានបង្ហាញវត្តមាននៅក្នុងកម្មវិធីរបស់មិត្តសិល្បៈនោះឡើយ។
គួររំឭកថា ក្រោយពីបានជាប់ចំណាត់ថ្នាក់លេខ ២ ហើយនោះ កញ្ញា ស្រី ម៉ាលីកា ក៏បានក្លាយទៅជាពិធីការិនី និង តារាសម្តែងស្រីទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងលើវិថីសិល្បៈ ក្នុងចំណោមមិត្តរួមជំនាន់ Freshie Girl & Boy ឆ្នាំ ២០០៧ ។ ក្រោយមករយៈពេលប្រមាណ ៣ ទៅ ៤ ឆ្នាំ ចុងក្រោយនេះ ស្រី ម៉ាលីកា ក៏បានស្ងាត់ឈឹងលើអាជីពសិល្បៈតែម្តង។
ជាក់ស្តែង បើក្រឡេកទៅមើលគណនីហ្វេសប៊ុករបស់អតីត Freshie Girl លេខ ២ ខាងលើនេះ ក៏ហាក់មិនសូវបង្ហាញសកម្មភាពប្រចាំថ្ងៃញឹកញាប់របស់នាងដែរ ប៉ុន្តែកញ្ញា ស្រី ម៉ាលីកា សព្វថ្ងៃបានប្រកបរបស់លក់ផលិតតាមអនឡាញ និង កំពុងរស់នៅជាមួយនឹងជីវភាពសាមញ្ញយ៉ាងរីករាយ៕