ប្រឡូកវិស័យ K-POP ត្រឹម ៧ ឆ្នាំ BamBam ស្ពាយលុយមកស្រុកវិញ រាប់លានដុល្លារ
កំលោះរូបស្រស់ BamBam ជាតារាចម្រៀង ព្រមទាំងតារារ៉េបសញ្ជាតិថៃ អតីតសមាជិកក្រុមបុរសល្បី GOT7 ដែលមានអ្នកគាំទ្រជាច្រើនស្ទើរពេញទឹកពេញដី ទាំងក្នុង និង ក្រៅប្រទេស។
តារាប្រុសរូបនេះ ពិតមានការតស៊ូ ក្លាហាន ក៏ដូចជាការតាំងចិត្តខ្លាំងណាស់ ក្នុងការសុខចិត្តចាកចេញពីប្រទេសកំណើតតាំងពីនៅវ័យ ១៣ ឆ្នាំ ដើម្បីរត់តាមក្តីស្រមៃមកធ្វើជាតារាចម្រៀងក្នុង K-POP នាទឹកដីប្រទេសកូរ៉េ។ មិនឆ្ងល់ឡើយ ដែលរូបលោកបានប្រទះភាពជោគជ័យសល់ប្រជាប្រិយភាព ថែមសល់លុយរាប់លានដុល្លារក្នុងដៃនាវ័យត្រឹម ២៤ ឆ្នាំ ខណៈប្រឡូកក្នុងវិស័យនេះ បានត្រឹមតែ ៧ ឆ្នាំប៉ុណ្ណោះ។
បើតាមព័ត៌មានបានឱ្យដឹងថា តារាវ័យក្មេងរូបនេះ មានទ្រព្យសម្បត្តិសរុបប៉ុន្មានប្រហែលជាង ១០ លានដុល្លារឯណោះ។ ទាំងនេះ គឺបានមកពីញើសឈាមចេញពីការងារសិល្បៈក្នុងប្រទេសកូរ៉េ ដូចជាការចេញបទចម្រៀងទោល រីឯនៅលើទឹកដៃកំណើតប្រទេសថៃ ដែលភាគច្រើនលោកត្រូវបានម្ចាស់ស្ពតធំៗ ទាក់ទងឱ្យមកថតពាណិជ្ជកម្មប្រម៉ូដផលិតផលឱ្យមិនដែលខានឡើយ។
លើសពីនេះទៅទៀត ខណៈក្រុម GOT7 បានរំសាយជាផ្លូវការ រួចមករូបលោកក៏បានក្លាយជាតារាទោល ជាហេតុធ្វើឱ្យការងារទាំងឡាយទាំងក្នុង ក៏ដូចជាក្រៅប្រទេស កាន់តែហូរចូលមកមិនដាច់នោះទេ ឯប្រាក់កាសក៏រឹតតែហូរមកតាមនោះស្រឹបៗដូចគ្នា។
យ៉ាងណាមិញ ទោះបីកា្លយជាតារាទោលក៏ដោយ ក៏កំលោះ BamBam នៅតែទទួលបានការស្រឡាញ់គាំទ្រពីមហាជនដដែល ហើយពួកគេក៏សង្ឃឹមដែរថា លោកនឹងបន្តដើរលើវិថីសិល្បៈមួយនេះ រួចនឹងអភិវឌ្ឍខ្លួនឱ្យកាន់តែជោគជ័យជាងមុនផងដែរ៕
ប្រភព៖ KPOP STARZ