ស្ទើរមិនជឿ ទោះរៀបការហើយក្ដី តួអ្នកក្លាហានខ្វាក់ នៅតែផ្ទុះរឿងអាស្រូវស្នេហានឹងតារាស្រី ៧ នាក់
តារាសម្ដែងប្រុស Vincent Wong ដែលជាតួឯកប្រុសហុងកុងរូបសង្ហា និងជាសំណព្វចិត្តរបស់អ្នកគាំទ្រកម្ពុជាជាច្រើន។ បើទោះបីជាតារាប្រុសរូបនេះ បានសម្រេចបញ្ចប់ជីវិតនៅលីវ រៀបការសាងគ្រួសារជាមួយនឹងតារាសម្ដែងស្រី Yoyo Chen ក៏ពិតមែន ប៉ុន្តែរឿងចចាមអារ៉ាមស្នេហារបស់លោកនៅបន្តមានជារឿយៗ រហូតដល់ធ្លាយដំណឹងចចាមអារ៉ាមលែងលះគ្នា និង រស់នៅមិនចុះសម្រុងនឹងគ្នាទៀតផង។
ជាហេតុដែលធ្វើឱ្យអ្នកគាំទ្រ ក៏ដូចជាទស្សនិកជនរបស់លោកមួយចំនួន មានការងឿងឆ្ងល់ពីជីវិតក្រោយរៀបអាពាហ៍ពិពាហ៍របស់តួឯកប្រុសសម្បូរស្នេហ៍រូបនេះ តើលោកធ្លាប់មានរឿងចចាមអារ៉ាមស្នេហានឹងតារាស្រីរូបណាខ្លះ ក្នុងអាជីពសិល្បៈ ។
១. តារាសម្ដែង Fala Chen
លោក Vincent Wong និង Fala Chen អ្នកទាំងពីរធ្លាប់មានរឿងចចាមអារ៉ាមស្នេហានឹងគ្នា អំឡុងពេលកំពុងសិក្សានៅឯសហរដ្ឋអាមេរិក មុនពេលចូលប្រឡូកក្នុងពិភពភាពយន្តសម្ដែង ។ ក្រោយពីវិលត្រឡប់មកវិញ អ្នកទាំងពីរក៏បាននិយាយថា ទំនាក់ទំនងរបស់ពួកគេបានបញ្ចប់ ។ ទោះជាយ៉ាងណា អ្នកទាំងពីរក៏មិនធ្លាប់បដិសេធពីទំនាក់ទំនងមានជាមួយគ្នាពីមុនដែរ ។
២. តារាសម្ដែងស្រី Cammi Tse
មុនរៀបការជាមួយនឹងតារាសម្ដែង Yoyo Chen កាលពីឆ្នាំ ២០១១ លោក Vincent Wong ធ្លាប់មានរឿងចចាមអារ៉ាមស្នេហាជាមួយ Cammi Tse ។ អ្នកទាំងពីរ ធ្លាប់បានគេរាយការណ៍ថា បានណាត់ជួបគ្នា ប៉ុន្តែតារាប្រុសរូបនេះ បានអះអាងថា លោក និងនាងបានជួបគ្នាក្នុងពិធីជប់លៀងប៉ុណ្ណោះ ។
៣. តារាសម្ដែងស្រី Lisa Ch’ng
តារាប្រុសរូបនេះ ធ្លាប់មានរឿងចចាមអារ៉ាមស្នេហាជាមួយនឹង Lisa Ch’ng មុនរៀបការ ។ រឿងនេះ បានកើតឡើងនៅពេលដែលអ្នកទាំងពីរបានធ្វើការងាររួមគ្នា នៅសិង្ហបុរី ហើយ Vincent បានតាមកៀកជិតនាង រហូតដល់ថ្ងៃរៀបការ លោក ត្រូវបានគេសួរនាំ តើលោកបានអញ្ជើញ Lisa Ch’ng ទៅចូលរួមពិធីមង្គលការដែរឬទេ? គាត់បានឆ្លើយថា «ហេតុអ្វីបានជាខ្ញុំអញ្ជើញនាង? ខ្ញុំមិនបានអញ្ជើញមិត្តភក្តិច្រើនទេ!» ។ ក្រោយមក Lisa Ch’ng បាននិយាយវិញថា «ខ្ញុំមិនដែលសារភាព ដោយប្រយោលទេ» នាងបន្តថា «យើងបានជួបគ្នាតែ ២ ទៅ ៣ ដង ប៉ុណ្ណោះ គាត់មិនបានតាមខ្ញុំទេ ពួកយើងគ្រាន់តែជាមិត្ត ។ ម្យ៉ាងវិញទៀត ខ្ញុំមិនបានស្និទ្ធស្នាលជាមួយ Yoyo Chen ទេ ដូច្នេះខ្ញុំមិនចង់ត្រូវគេទាញចូលទេ» ។
៤. តារាសម្ដែងស្រី Jacqueline Wong
តារាប្រុសស្រីទាំងពីរនេះ បានជួបគ្នាដំបូង និងមានភាពជិតស្និទ្ធ អំឡុងពេលថតសម្ដែងរឿងភាគ «With or Without You» ក្នុងឆ្នាំ ២០១៥ ។ ដោយសារតែភាពស្និទ្ធស្នាលអំឡុងពេលថតសម្ដែងនេះហើយ ទើបជាមានរឿងចចាមអារ៉ាមថា លោក និង ភរិយា បានគេងបន្ទប់ដាច់ពីគ្នា ។
៥. តារាសម្ដែងស្រី Sisley Choi
អំឡុងពេលថតរឿង «Legal Mavericks» តារាស្រី Sisley Choi និង Vincent Wong ក៏មានពាក្យចចាមអារ៉ាមនឹងគ្នាផងដែរ ។ ក្រោយមកលេចធ្លាយថា លោក បានទៅលេងផ្ទះ Sisley Choi ទាំងយប់ ប៉ុន្តែតារាប្រុសក៏បានសង្កត់ធ្ងន់ចំពោះរឿងនេះថា លោកមិនបានក្បត់ចិត្តភរិយារបស់លោកទេ ។ ហើយអ្នកនាង Yoyo Chen ផ្ទាល់ក៏បាននិយាយថា នាងជាក់ជឿលើប្តីរបស់ខ្លួន មិនបានកុហកទេ ។
៦. តារាសម្ដែងស្រី Vicky Chan
បន្ទាប់ពីតារាសម្ដែង Sisley Choi ទៅគឺតារាស្រី Vicky Chan នាងក៏ធ្លាប់រងពាក្យចចាមអារ៉ាម អំឡុងពេលថតរឿង «Heart and Greed» ជាមួយគ្នាដែរ ។ ផ្តើមចេញពីរឿងដែលថា លោក Vincent បានជួលផ្ទះសម្រាប់លោក និងនាង ណាត់ជួបគ្នា ។ ក្រោយតារាប្រុសមានមន្តស្នេហ៍រូបនេះ បានចេញមុខបដិសេធពាក្យចចាមអារ៉ាមគ្មានមូលដ្ឋាន និង បង្កើតឡើងរឿងដោយមិនដឹងខុសត្រូវសោះ ។ ជាមួយគ្នានោះ Vicky Chan នាងក៏បានចេញមកស្រាយផងដែរថា ពួកគេត្រឹមជាមិត្តរួមការងារប៉ុណ្ណោះ ។
៧. តារាសម្ដែងស្រី Kaman Kong
កាលពីឆ្នាំ ២០១៨ ពាក្យចចាមអារ៉ាមនេះបានលេចចេញ អំឡុងពេលអ្នកទាំងពីរបានធ្វើដំណើរទៅថតរឿង «Fist Fight» នៅអង់គ្លេស ។ ក្រោយមកតារាប្រុសរូបនេះ ក៏បានចេញមុខអះអាងចំពោះរឿងមិនពិតនេះ ហើយលើកឡើងថា អាចប៉ះពាល់ដល់ក្រុមគ្រួសាររបស់លោក ថែមទៀត ។ រីឯ Kaman Kong ក៏ដូចគ្នាបានចេញមកបដិសេធទាំងស្រុង ដោយអះអាងថា អ្នកទាំងពីរត្រឹមជាមិត្តរួមការងារប៉ុណ្ណោះ ហើយនាងមិនទាក់ទងនឹងលោកទៀតនោះទេ បន្ទាប់ពីថតរឿងចប់ ៕
ប្រភព៖ 38JIEJIE