
មហាជនប្រាកជាស្គាល់មកហើយ នូវកំពូលតារាបាល់ទាត់មានស្នេហ៍ និង ល្បីលំដាប់ថ្នាក់ពិភពលោក Cristiano Ronaldo វ័យ ៣៦ ឆ្នាំ ដែលតែងតែបានធ្វើឱ្យអ្នកគាំទ្រស្រីប្រុសពេញចិត្តពេញថ្លើមចំពោះសមត្ថភាពលេងបាល់យ៉ាងស្ទាត់ជំនាញរបស់លោកនោះ ។
ចំពោះរឿងស្នេហាវិញ គេឃើញលោកបានមកទើរទាក់បេះដូងសម្រេចសាងគ្រួសារត្រឹមតារាម៉ូដែលជនជាតិអេស្ប៉ាញ Georgina Rodriguez ដោយបានរួមរស់ជាមួយគ្នាក្រោមដំបូលតែមួយដូចជាប្តីប្រពន្ធអស់រយៈពេលជាង ៥ ឆ្នាំមកហើយ ថែមមានកូនស្រីដ៏គួរឱ្យស្រឡាញ់ម្នាក់ជាមួយគ្នាទៀតផង បើទោះបីជាមិនទាន់រៀបការនៅឡើយ ។
កំពូលតារាបាល់ទាត់ Ronaldo មើលទៅហាក់ដូចជាស្រឡាញ់ស្អិតល្អួតខ្វះមិនបានជាមួយភរិយាសំណព្វរូបនេះមិនតិចនោះទេ ខុសពីស្នេហាជាមួយនារីៗមុនៗតែម្តង ។ បើតាមការឱ្យដឹងពីប្រភពព័ត៌មាន បានទម្លាយថា មូលហេតុដែលលោកស្រឡាញ់ភរិយាខ្លាំង គឺ ដោយសារតែនាងជានារីម្នាក់ទន់ភ្លន់ មានគំនិត ចេះយកចិត្តគ្រប់បែបយ៉ាង ទាំងកិច្ចការផ្ទះ ការងារទូទៅ ព្រមទាំងឱ្យតម្លៃគ្រួសារខ្លាំងណាស់ ជាពិសេសនោះ គឺនាងស្រឡាញ់មើលថែយកចិត្តទុកដាក់ចំពោះកូនៗទាំង ៣ នាក់ទៀត ប្រៀបបីដូចជាកូនបង្កើតរបស់ខ្លួនដូច្នោះឯង ។
យ៉ាងណាមិញ មើលទៅគ្រួសារមួយនេះ ពិតជាមានភាពកក់ក្តៅសុភមង្គលខ្លាំងណាស់ ដោយកូនៗទាំងអស់ក៏ស្រឡាញ់ស្និទ្ធស្នាលនឹង Georgina ដូចជាម្តាយបង្កើតរបស់ខ្លួនផងដែរ ។ ថ្មីៗនេះ ក៏បានលេចឮដំណឹងមកថា គូស្នេហ៍មួយគូនេះ កំពុងតែបម្រុងនឹងដឹកដៃគ្នាចូលរោងការស្ងាត់ៗថែមទៀតផង ៕