តារាកូរ៉េទាំងនេះ ស្ពាយបេះដូងបរិសុទ្ធជាប់ខ្លួន មិនធ្លាប់មានស្នេហាទាល់តែសោះ
តាមធម្មតា រឿងស្នេហាសម្រាប់មនុស្សយើង ប្រៀបបីដូចជាស្រមោច និង ស្ករ ដែលតែងតែជាតម្រូវការមួយអត់មិនបាន ដើម្បីជាថ្នាំមួយប្រភេទជំនួយខាងអារម្មណ៍ ព្រមទាំងបេះដូងឱ្យមានជីវិតជីវ៉ាពណ៌ស្រស់បំព្រង ។ ផ្ទុយទៅវិញ ចំពោះតារាកូរ៉េមួយចំនួន អ្នកខ្លះបែរជាមិននឹកអើពើសោះឡើយចំពោះរឿងទាំងនេះ ដោយពួកគេបានស្ពាយឈ្មោះ Single តាំងពីកំណើតមកតែម្តង មិនទាន់បានប្រឡូកក្នុងល្បែងស្នេហា ប្រគល់ចិត្តបេះដូងឱ្យទៅនរណម្នាក់នោះឡើយ ។ ខាងក្រោមនេះ គឺជាតារាកូរ៉េប្រុសស្រីទាំង ៧ រូបដែលមិនធ្លាប់គូសង្សារ ៖
១. Kim So Hyun
ដ្បិតតែជាតារាធ្លាប់សម្តែងនៅក្នុងរឿងស្នេហារាប់មិនអស់មកហើយក្តី តែតារាស្រីរូបនេះ មិនធ្លាប់ប្រឡូកក្នុងស្នេហាពិតក្រៅឆាកនោះទេ ។ នាងបានបង្ហើបឱ្យដឹងថា នាងមិនត្រូវការទំនាក់ទំនងស្នេហាឡើយ ព្រោះនាងបានស្គាល់រសជាតិនៅក្នុងរឿងអស់ហើយ ។ ម៉្យាងរូបនាងបានប្រឡូកសិល្បៈតាំងពីក្មេង ទើបធ្វើឱ្យនាងមិនមានពេលគិតដល់រឿងទាំងនោះឡើយ ។
២. Yeo Jin Goo
ស្រដៀងនឹងតារាស្រីខាងលើដែរ តារាប្រុសរូបនេះបានចូលប្រឡូកសិល្បៈតាំងពីក្មេង ដែលជាមូលហេតុនៃការមិនមានពេលវេលានឹកនារឿងស្នេហា ហើយរូបលោកផ្ទាល់ក៏មិនសូវមានចំណង់ក្នុងរឿងនេះដូចគ្នា ប៉ុន្តែលោកជឿថា ការជួបស្នេហាល្អតែងកើតឡើងដោយធម្មជាតិជានិច្ច ។
៣. Nam Ji Hyun
តារាសម្តែងស្រីរូបនេះ បានឱ្យដឹងថា នាងមិនធ្លាប់មានស្នេហានោះទេ ប៉ុន្តែនាងក៏ចង់ដឹង ចង់ឮពីវាដែរ ព្រោះធ្លាប់តែបានសម្តែងនៅក្នុងរឿង ហើយនាងក៏សង្ឃឹមថាទំនាក់ទំនងស្នេហារបស់នាងនៅថ្ងៃអនាគត នឹងមានភាពល្អប្រសើរផងដែរ ។
៤. ROSE
ស្រីស្រស់សមាជិក BLACKPINK រូបនេះ បើទោះបីជាធ្លាប់រស់នៅបរទេសក៏ពិតមែន ប៉ុន្តែនាងមិនធ្លាប់មានស្នេហាប្រគល់បេះដូងឱ្យនរណាម្នាក់ឡើយ ។ យ៉ាងណាមិញ បើទោះជាមិនទាន់មានស្នេហាក៏ដោយ តែនាងក៏មានលក្ខណៈសម្បត្តិដៃគូបេះដូងក្នុងក្តីស្រមៃរួចហើយ គឺនរណាម្នាក់ដែលមានសំឡេងពីរោះ ព្រមទាំងអាចលេងហ្គីតាបានល្អ ។
៥. V ( Kim Taehyung)
ប្រុសស្អាត សមាជិក BTS រូបនេះ មិនធ្លាប់មានស្នេហាប្រគល់បេះដូងឱ្យគេប្រាកដនោះទេ ។ លោកធ្លាប់មានតែម្តងគត់ ដោយពេលនោះក្រែងចិត្តមិនហ៊ានបដិសេធគេ តែចុងក្រោយស្នេហាមួយនោះ ក៏បានត្រឹម ២០ ថ្ងៃប៉ុណ្ណោះ ។
៦. Lee Dae Hwi
តារាប្រុស សមាជិក AB6IX ឯណេះវិញ បានសារភាពថា ខ្លួនមិនដែលមានទំនាក់ទំនងស្នេហាទេ ប៉ុន្តែលោកជឿថា ខ្លួននឹងអាចក្លាយជាមិត្តប្រុសម្នាក់ដ៏ល្អនៅថ្ងៃអនាគត ។
៧. Somi
តារាស្រី Somi បានឱ្យដឹងថា ខ្លួនមិនធ្លាប់មានបទពិសោធក្នុងរឿងស្នេហាផ្អែមល្ហែមឡើយ ប៉ុន្តែនាងក៏ចង់ស្គាល់ជាតិវាដូចគ្នា ៕