អាយុ ៤០ ឆ្នាំហើយ អ៊ឹម ជីវ៉ា នៅទុកបេះដូងឱ្យល្ហល្ហេវ មិនអើពើរកអ្នកស្អំ
លោក អ៊ឹម ជីវ៉ា ត្រូវបានមហាជនខ្មែរស្គាល់ច្បាស់ថាលោក គឺជាសិល្បករម្នាក់ដែលតែងតែឈឺឆ្អាល និង ខ្វល់ខ្វាយខ្លាំងក្នុងសកម្មភាពសប្បុរសធម៌ ដោយកន្លងមកគេតែងតែឃើញលោកធ្វើការងារនេះជារឿយៗ និង បានជួយដល់អ្នកសិល្បៈខ្វះខាតក្នុងជីវភាពជាច្រើន ហើយតារាប្រុសរូបនេះក៏ថែមទាំងបានជួយជ្រោមជ្រែង និង បានផ្តល់ឱកាសឱ្យបុគ្គលល្បីក្នុងហ្វេសប៊ុក, Tik Tok មួយចំនួនមានការងារធ្វើក្នុងសិល្បៈផងដែរ ។
តាមរយៈសកម្មភាពសប្បុរសធម៌នេះដែរ លោក អ៊ឹម ជីវ៉ា ក៏តែងទទួលបានការកោតសរសើរពីមហាជននូវទឹកចិត្ត និង ការលះបង់របស់លោកជាច្រើនផងដែរ ។
ងាកចេញពីរឿងសិល្បៈ និង ការងារសប្បុរសធម៌ដែលតារារូបនេះតែងធ្វើ ហើយផ្តោតមកមើលពីជីវិតឯកជនក្រៅឆាកវិញម្តង ។ បច្ចុប្បន្ន តារាប្រុសរូបនេះមានវ័យខ្ទង់ ៤០ ឆ្នាំហើយ ប៉ុន្តែលោកហាក់មិនអើពើរវីរវល់ក្នុងរឿងស្នេហាអ្វីនឹងគេឡើយ ខុសពីមិត្តសិល្បៈរួមជំនាន់ជាមួយលោកមួយចំនួន ដោយពេលនេះពួកគេមានស្នេហា និង បានសាងគ្រួសារ មានរហូតដល់កូនថែមទៀត ។
ការនៅបង្អែរបង្អង់មិនព្រមគិតគូររកក្បាលកន្ទុយ សាងគ្រួសារនេះ អាចនិយាយបានថា លោក អ៊ឹម ជីវ៉ា ទំនងជាចង់ប្រើជីវិត Single បន្តិចទៀត ព្រោះបច្ចុប្បន្ននេះ លោកក៏កំពុងតែមមាញឹកនឹងការងារប្រចាំថ្ងៃ និង មុខរបររកស៊ីរបស់លោកផងដែរ ។ ទោះជាយ៉ាងនេះ ក៏មានអ្នកគាំទ្រមួយចំនួនបានទទូចចង់ឃើញតារាប្រុសរូបនេះ សាងគ្រួសារចូលរោងការនឹងគេ កុំឱ្យលោកចេះតែដើរចូលរួមកម្មវិធីមង្គលរបស់មិត្តសិល្បៈរហូតនោះ ៕