សម្រាលអូន Smile បាន ៩ ខែហើយ ឌី សូនិត្តា ទើបទម្លាយការពិតមួយរបស់ខ្លួន ទាក់ទងរឿងកូន
រយៈពេល ៩ ខែមកហើយ ដែលតារាសម្តែង ឌី សូន្តិតា និង លោក អេឡិច ហ្សូរ៉ា ទទួលបានកូនស្រីដ៏ឃ្យូដជាចំណងស្នេហ៍របស់ខ្លួន ។ ក្នុងនោះ បើទោះជាមិនទាន់បានដឹកដៃគ្នាចូលរោងការតាមប្រពីណៃខ្មែរក៏ពិតមែន ប៉ុន្តែប៉ាម៉ាក់វ័យក្មេងទាំង ២ និង កូនស្រីបណ្តូលក៏កំពុងតែរស់នៅក្នុងជីវិតយ៉ាងមានសុភមង្គល ។
ជាការពិត កន្លងមកអ្នកនាង ឌី សូន្តីតា ធ្លាប់បានរៀបរាប់នូវរឿងរ៉ាវលំបាកៗជាច្រើនមកហើយក្នុងជីវិតរបស់នាង ក្នុងអំឡុងពេលពពោះកូនស្រីដំបូងរបស់ខ្លួន ក៏ដូចជាជីវិតផ្ទាល់របស់នាង ប៉ុន្តែទោះជាយ៉ាងណាថ្មីៗនេះ ឌី សូន្តិតា បានបង្ហើបអាថ៌កំបាំងដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៀត ដែលនៅពេលមហាជនបានដឹងហើយពិតជានឹកស្មានមិនដល់នោះឡើយ ។
នៅរសៀលថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២១ នេះ អ្នកនាង ឌី សូនិត្តា បានបង្ហោះរូបភាពក្មេងតូចក្នុងឈុតហែលទឹកជារូបមច្ឆា ២ នាក់ ដែលត្រូវបានកាត់តដាក់មុខកូនស្រីរបស់អ្នកនាង គឺ អូន Smile ទាំង ២ តែម្តង ហើយរូបភាពនោះ អ្នកនាងបានបង្ហាញអារម្មណ៍ថាមានការសោកស្តាយ ដែលមិនបានជួបមុខកូនម្នាក់ទៀត ពោលគឺអ្នកនាង ឌី សូន្តិតា ត្រូវមានកូន ២ នាក់ រួមទាំង អូន Smile នោះ ។
សារនោះ អ្នកនាង ឌី សូន្តិតា រៀបរាប់ថា «ពូឯងប៉ិនកាត់តម្ល៉េះពូ កាត់ហើយផ្ញើមកម៉ែ អាស្មាយ៍ ចង់ភ្ញាក់ ! ឃើញកូន ២ នាក់ អ៊ីចឹង នឹកកូនខ្ញុំមួយទៀត ដែលគាត់មិនបាននៅ បើនៅមិនដឹងល្អយ៉ាងណាទេកូន ។ អរគុណហ្វេនទាំងអស់ មិនថាហ្វេនម៉ាមី ឬ ហ្វេន អូនស្មាយ៍ ដែលបានស្រឡាញ់គាំទ្រពួកខ្ញុំរហូតមក» ។
ក្រោយពីឃើញសារនោះហើយ មហាជនអ្នកគាំទ្រ ក៏ហាក់មានការចង់ដឹងដូចគ្នាដែរថា តើកូនដែលអ្នកនាង ឌី សូន្តិតា បានបាត់បង់ទៅនោះ ជាបងរបស់អូន Smile ឬក៏ជាកូនភ្លោះនឹងអូន Smile ? តែយ៉ាងណា អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ក៏បានចូលរួមលើកទឹកចិត្តដល់អ្នកនាង ឌី សូន្តិតា ផងដែរ ៕