ប្រើពេលត្រឹម ៣ ឆ្នាំ លក់តែអីវ៉ាន់តាមអនឡាញ Pimrypie ក្លាយជាសេដ្ឋីនីល្បីឈ្មោះក្នុងប្រទេសថៃ
ប្រិយមិត្តខ្លះប្រាកដជាបានស្គាល់ហើយពីអ្នកលក់អនឡាញល្បីឈ្មោះម្នាក់ប្រចាំប្រទេសថៃ គឺនាង Pimrypie ដែលមានឈ្មោះពិតថា Chitra នាងអាយុ ៣០ ឆ្នាំ ។ បើយើងក្រឡេកទៅមើលពីជីវិតរបស់នាងមុននឹងឈានជើងក្លាយជាអ្នកលក់អនឡាញល្បីប្រចាំប្រទេសថៃ និង មានជំនួញកាន់ពេញដៃនោះ នាងបានឆ្លងកាត់វិថីជីវិតដ៏លំបាក់ច្រើនរាប់មិនអស់ ។
តាមការឱ្យដឹងពីសារព័ត៌មានក្នុងស្រុករបស់ថៃកាលពីពេលកន្លងទៅថា នាង Pimrypie ដំបូងឡើយគ្រាន់តែជាកូនអ្នកលក់អីវ៉ាន់ធម្មតាម្នាក់ប៉ុណ្ណោះ តែដោយសារតែភាពឧស្សាហ៍ នាងក៏ចាប់ផ្តើមបង្កើតជំនួញជាអ្នកលក់គ្រឿងសម្អាងតូចមួយដោយខ្លួនឯង ។ អំឡុងពេលពេលនោះដែរ ជំនួញតូចរបស់នាងដែលកំពុងតែក្តោបក្តាប់នោះ ហាក់បីដូចជារលូនទៅៗ បន្ទាប់មកនាងក៏ចាប់ផ្តើមបង្កើតផេកលក់អនឡាញមួយឈ្មោះ «Pimrypie លក់គ្រប់យ៉ាង» ។
ចាប់តាំងពីពេលនោះមក នាងក៏ចាប់ផ្តើមឡាយលក់របស់របរជាច្រើនមុខ គ្រឿងសម្អាង ទឹកម្ទេស នំ និង ផលិតផលជាច្រើនមុខទៀត ។ ខណៈពេលឡាយលក់ នាងហាក់បីដូចជាមិនខ្មាសអៀនឡើយ មានទាំងការនិយាយបែបកំប្លែង រាំ ច្រៀង រហូតធ្វើឱ្យមហាជនជាច្រើចូលចិត្តនាង និង តាមដានការឡាយលក់របស់នាងជារឿយៗ ។
យ៉ាងណាមិញ ការចាប់ផ្តើមពីចំណុចតូចទាំងនេះបានត្រឹមតែរយៈពេល ៣ ឆ្នាំតែប៉ុណ្ណោះ បន្ទាប់មកនាងក៏បានផ្លាស់ប្តូរជីវិតខ្លួនឯងពីការឡាយលក់ម្នាក់ឯង រហូតមានបុគ្គលិកជាង ៨០ នាក់ទៀត ក្នុងការពង្រីកជំនួញរបស់នាងឱ្យកាន់តែច្រើនទៅៗនៅក្នុងប្រទេសថៃ ជាបន្តបន្ទាប់នោះ ។
ម្យ៉ាងវិញទៀត ពេលនេះនាងក៏ជាម្ចាស់ក្រុមហ៊ុននាំចេញទំនិញធំមួយឈ្មោះ Pimry Pie Cosmetics Co ,Ltd ដែរ និង ជាម្ចាស់ហាងសាឡនធំមួយនៅទីក្រុងបាងកក ឈ្មោះ Is Cute Clinic ទៀតផង ។ អ្វីដែលកាន់តែពិសេស និង គួរឱ្យចាប់អារម្មណ៍នោះ នាងក៏ជា YouTuber ដ៏ល្បីឈ្មោះមួយរូប តាមរយៈការឡាយញុំាអាហារ និង ច្រៀងចម្រៀង Cover ឬ បទចម្រៀងផ្ទាល់ខ្លួនរបស់នាងផងដែរ ។
ជុំវិញរឿងរ៉ាវ និង ជីវិតតស៊ូរបស់នាង វាពិតជាធ្វើឱ្យមហាជនឮហើយទ្រាំមិនសរសើរមិនបានពីការខិត្តខំរបស់នាង និង ភាពជោគជ័យរបស់នាង ។ ពេលនេះដែរ នាងមិនត្រឹមតែសេដ្ឋិនីម្នាក់នៅក្នុងប្រទេសថៃនោះទេ តែនាងក៏ត្រូវបានប្រជាជនថៃជាច្រើនចាត់ទុកថាជាទេពធីតាចិត្តធម៌ម្នាក់ទៀតផង ព្រោះនាងតែងតែជួយអ្នកខ្សោយខ្សត់អត់ក្ររហូតមិនដែលដាច់ឡើយ ៕
ប្រភព៖ K@pook