សោកស្ដាយណាស់! តារាកំប្លែងខ្មែរសុរិន្ទល្បីឈ្មោះម្នាក់ ទទួលមរណភាពទាំងវ័យក្មេង ព្រោះជំងឺនេះ
ពិតជាដំណឹងដ៏ក្រៀមក្រំ និង សោកស្ដាយណាស់ សម្រាប់ការបាត់បង់តារាកំប្លែងយីកេ ខ្មែរសុរិន្ទ ដ៏មានប្រជាប្រិយភាព លោក Baby Boy ដែលមានឈ្មោះជាភាសាថៃថា សុធិត អាចហានយិញ ដោយលោកបានទទួលមរណភាព កាលពីយប់ថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ ២០២១ កន្លងទៅ ដោយសារតែជំងឺមេរោគក្នុងសរសៃឈាម និង រលាកសួតកម្រិតធ្ងន់ ។
នេះបើតាមការបញ្ជាក់ពីមិត្តរួមអាជីព របស់តារាកំប្លែងខាងលើ បានរៀបរាប់ថា នៅថ្ងៃទី ២៤ ខែកក្ដដា ឆ្នាំ ២០២១ កន្លងទៅ លោក Baby Boy មានអាការឈឺត្រង់ដើមទ្រូងខ្លាំង ហើយក៏បានទៅពិនិត្យនៅមន្ទីរពេទ្យ ក្នុងនោះ ក្រោយពីពិនិត្យ និង X-ray ទៅ គេឃើញថា សួតរបស់លោកមួយចំហៀងត្រូវបានរលាកខ្លាំង និង រងការខូចកម្រិតធ្ងន់ ។
ជាមួយគ្នានោះ ក្រុមគ្រូពេទ្យក៏បានព្យាយាមជួយសង្គ្រោះណាស់ដែរ តែអកុសលនៅយប់ថ្ងៃទី ២៥ តារាកំប្លែងរូបនេះ ក៏បានទទួលមរណកាលបាត់ទៅហើយ ក្នុងអាយុត្រឹមតែ ៣៤ ឆ្នាំប៉ុណ្ណោះ។ ទន្ទឹមនឹងការបាត់បង់នេះ ពិតធ្វើឱ្យមហាជនអ្នកធ្លាប់ទស្សនា ការសម្ដែងកំប្លែងនានា របស់តារាកំប្លែងរូបនេះ មានការសោកស្តាយយ៉ាងខ្លាំង ជាពិសេសបងប្អូនប្រជាជនខ្មែរសុរិន្ទតែម្ដង៕