តារាហូលីវូដ ៧ រូប ថតតែមួយរឿង អាចសល់លុយដេកចាយមួយជីវិតមិនអស់
ពិតណាស់ មហាជនប្រិយមិត្តអ្នកគាំទ្រវិស័យភាពយន្តបរទេស ប្រាកដជាបានស្គាល់មកហើយ នូវតារាហូលីវូដប្រុសស្រីល្បីៗ ដែលបានលេចមុខក្នុងខ្សែភាពយន្តដ៏ពេញនិយមរបស់ពិភពលោកនានា នាពេលកន្លងមកនេះ។
ក្នុងនោះដែរ គេសង្កេតឃើញថា តារាប្រុសស្រីទាំងនោះ ពិតជាកាក់កបសម្បើមណាស់ រឿងចំណូលដែលបានមកពីការសម្តែងរបស់ពួកគេ ដោយម្នាក់ៗមានទ្រព្យមិនតិចជាងរយលានដុល្លារឡើយនៅក្នុងដៃ នាពេលបច្ចុប្បន្ន ហើយបូកថែមទាំងអចលនទ្រព្យ វីឡាតូចធំជាច្រើនខ្នង តម្លៃមិនតិចលានដុល្លារទៀតនៅខាងក្រៅ។
ចំណូលរាប់រយលានដុល្លារនេះ ប្រាកដណាស់ហើយ ដែលពួកគេបានមកពីសមត្ថភាពសិល្បៈ។ ក្នុងនោះ តារាល្បីទាំងនេះ អាចរកចំណូលបាន មិនតិចជាងរាប់លានដុល្លារឡើយក្នុងការសម្តែងរឿងៗនីមួយ សឹងតែអាចនិយាយបានថា សម្តែងតែមួយរឿងអាចដេកចាយបានមួយជីវិតក៏ថាបាន។ ដូចនេះ «ប្រជាប្រិយ» នឹងលើកត្រួសៗពីតម្លៃខ្លួនរបស់តារាហូលីវូដប្រុសស្រីមួយចំនួន ដែលមានតម្លៃខ្លួនខ្ពស់ក្នុងការសម្ដែង។
១. Angelina Jolie
តារាស្រីជាអ្នកម្តាយកូន ៦ នាក់រូបនេះ ត្រូវបានគេដឹងថា មានតម្លៃខ្លួនពី ១៥ ទៅ ៣០ លានដុល្លារឯណោះ ក្នុងការសម្តែងក្នុងមួយរឿង។ ហើយបើគិតត្រួសៗ នៅក្នុងរឿង Maleficent វគ្គ ១ នាងទទួលបានរហូតដល់ ៣៣ លានដុល្លារ និង រឿង Tomb Raiders ទទួលបាន ១៩ លានដុល្លារផងដែរ។
២. Johnny Depp
តារាប្រុសរូបនេះ មានតម្លៃខ្លួនចំនួន ២០ លានដុល្លារក្នុងការសម្ដែង ក្នុងមួយរឿង។ យ៉ាងណាមិញ គ្រាន់តែដើរជាតួឯកក្នុងរឿង Pirates of Caribbean ចំនួន ៥ វគ្គ រូបលោកទទួលបានប្រាក់ប្រមាណជាង ៣០០ លានដុល្លារឯណោះ។
៣. Chris Hemsworth
បុរសសាច់ដុំម្នាក់នេះ មានតម្លៃខ្លួនប្រហែល ១៥ លានដុល្លារក្នុងការសម្តែងមួយរឿង ហើយបើគិតត្រួសៗនៅក្នុងការសម្តែងរឿងឱ្យ MCU រូបលោក ទទួលចំណូលបានរហូតដល់ ៧៥ លានដុល្លារ។
៤. Tom Cruise
បុរសរូបសង្ហានេះ មានតម្លៃខ្លួនប្រមាណ ២០ លានដុល្លារ ក្នុងការសម្ដែងក្នុងខ្សែភាពយន្ដមួយរឿង។ ហើយនៅក្នុងរឿង Mission Impossible វគ្គ ៤ លោកទទួលបានប្រាក់ រហូតដល់ទៅ ៧៥ លានដុល្លារឯណោះ។
៥. Keanu Reeves
លោកមានតម្លៃខ្លួនប្រហែល ១៥ លានដុល្លារក្នុងការសម្ដែងក្នុងមួយរឿង។ ហើយនៅក្នុងរឿង The Matrix លោកទទួលចំណូលបានរហូតដល់ ២៥០ លានដុល្លារ។
៦. Scarlett Johansson
តារាស្រីរូបនេះ មានតម្លៃខ្លួនប្រមាណ ១០ ទៅ ២០ លានដុល្លារ។ នៅក្នុងឆ្នាំ ២០១៩ នាងរកបានចំណូលរហូតដល់ ៥៦ លានដុល្លារឯណោះ។
៧. Robert Downey J
លោកមានតម្លៃខ្លួនប្រមាណ ២០ លានដុល្លារក្នុងការសម្ដែង ក្នុងមួយរឿង ហើយលោកត្រូវបានគេប៉ាន់ស្មានថាទទួលបានចំណូលជាង ១០០ លានដុល្លារពីការសម្តែងឱ្យ MCU ។