អស្ចារ្យណាស់! មកុដ «អប្សរា» ច្នៃធ្វើពីសក់ និងធ្វើដោយដៃសុទ្ធសាធពីអ្នកផាត់មុខ Apple ស្អាតខ្លាំង (វីដេអូ)
កាលពីពេលកន្លងមក «ប្រជាប្រិយ» ធ្លាប់បានលើកយកនូវព័ត៌មានពីម្ចាស់ជ័យលាភី Miss Universe Cambodia 2020 កញ្ញា រ៉េត សារីតា បានសហការរួមការងារនឹងអ្នកផាត់មុខកូនខ្មែរដ៏ល្បី អ្នកនាង ឌូ ពុធម៉ូលីតា ហៅ Apple នៅឯសហរដ្ឋអាមេរិក លើគម្រោងថតរូបភាពដ៏ស្រស់ស្អាតមួយ។ ចំពោះការងារថ្មីនេះ មហាជនជាច្រើន អន្ទះសារង់ចាំមើលពីរូបភាពដ៏ស្រស់ស្អាតនៃស្នាដៃរបស់អ្នកទាំង ២ និង សង្ឃឹមថា រូបភាពនោះ ជារូបភាពដែលបង្កប់នូវព្រលឹងសិល្បៈដ៏អស្ចារ្យមិនធ្លាប់មានពីមុន ។
យ៉ាងណាមិញ ក្រោយការទន្ទឹងរង់ចាំជាច្រើនថ្ងៃហើយនោះ កាលពីថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២១ កន្លងទៅនេះ កញ្ញា រ៉េត សារីតា និង អ្នកផាត់មុខល្បីឈ្មោះ Apple បានបង្ហាញរូបភាពប៉ុន្មានសន្លឹកលើគណនីហ្វេសប៊ុក និង Instagram របស់ពួកគេ ធ្វើឱ្យមហាជនជាច្រើនចាប់ភ្លឹក សរសើរនូវទឹកដៃរបស់ពួកគេយ៉ាងខ្លាំង ។ អ្វីដែលពិសេសនោះ គឺត្រង់មកុដ «អប្សរា» ធ្វើដោយដៃផ្ទាល់ពី អ្នកនាង Apple តែម្តង ។
បើតាមការបញ្ជាក់របស់អ្នកនាង Apple បានឱ្យដឹងថា មកុដ «អប្សារា» នេះគឹធ្វើឡើងពីសក់សុទ្ធ រំលេចដោយក្បាច់រចនាដ៏វិចិត្រ និង បានថតរូបបែបច្នៃប្រឌិត រួមជាមួយនឹង កញ្ញា រ៉េត សារីតា ។
អ្នកនាង Apple បានបន្តថា មកុដ ធ្វើដោយដៃ ពីសក់នេះ គឺអ្នកនាងបានធ្វើវាទុកជាយូរមកហើយ និង រង់ចាំស្រ្តីខ្មែរស័ក្ដិសម ម្នាក់មកគ្រង ព្រោះអ្នកនាងយល់ថា នេះគឺជាវត្ថុមានបារមីស័ក្តិសិទ្ធ។ ហើយការរង់ចាំរបស់អ្នកនាង គឺមិនខុសទេ ក៏ព្រោះតែទីបំផុតអ្នកនាងបានស្វែងរកឃើញស្ត្រីមួយរូប ដែលជាបវរកញ្ញាតំណាងជាតិតែម្តងមកថតគ្រងមកុដនេះ នោះគឺកញ្ញា រ៉េត សារីតា នេះឯង៕