មិនខ្វល់សម្តីចេចចាចរិះគន់ Camila ទៅបណ្តើរសង្សារសំណព្វ ដើរលេងរំភើយ
ប្រិយមិត្តអ្នកតាមដានវិស័យចម្រៀងបរទេស ប្រាកដជាបានស្គាល់មកហើយស្រីស្រស់ស្រអែមមានស្នេហ៍រាងតូចច្រឡឹង តារាចម្រៀងប៉ុបដ៏ល្បីប្រចាំអាមេរិក និង ជាអតីតសមាជិកក្រុម Fifth Hamorny គឺ Camila Cabello ដែលកំពុងស្ថិតក្នុងវ័យត្រឹម ២៤ ឆ្នាំ ។
ដោយឡែក ថ្មីនេះៗ បើតាមរូបភាពដែលគេថតបាននៅពេលដែលនាងកំពុងដើរហាត់ប្រាណ ជាមួយអាវវាលបញ្ចេញក្បាលពោះទ្រលុកទ្រលុន ស្រីស្រស់ម្នាក់នេះមើលទៅហាក់ដូចឡើងសាច់ ប្រែប្រួលមានព្រលឹងព្រលះជាងមុនមិនធម្មតាឡើយ ចំពោះស្រីតូចដែលធ្លាប់តែមានរូបច្រឡឹងដូចជានាង ។
ការមានសាច់បែបនេះ ស្រាប់តែបណ្តាលឱ្យមហាជនមួយចំនួនចាប់ផ្តើមមានគំនិតអវិជ្ជមាន មិនពេញចិត្តទើសទាល់ ថែមនាំគ្នារិះគន់នាយអាយ ចំពោះរូបរាងបច្ចុប្បន្នរបស់នាងបែបនេះ ។
ទោះជាបែបនេះ ស្រីស្រស់ Camila ហាក់មិនខ្ចីយកកម្លាំងមកហត់គិតជាមួយពាក្យរិះគន់មិនបានការទាំងនោះឡើយ ដោយថ្មីៗនេះ ស្រីតូចរូបនាងបែរណាត់សង្សារសំណព្វចិត្ត គឺបុរសមានស្នេហ៍ Shawn Mendes ដែលបានសាងស្នេហ៍ជាមួយគ្នាតាំងពីឆ្នាំ ២០១៩ ចេញក្រៅ មកបណ្តើរគ្នាដើរលេងមើលទេសភាពនានាយ៉ាងរំភើយ ដោយមិនគិតពីពាក្យរិះគន់ចេចចាចដែលខ្លួនកំពុងទទួលឡើយ ។
ចំណែកឯប្រុសស្អាត Shawn Mendes ឯណេះវិញ មើលទៅក៏រឹតតែស្រឡាញ់សង្សារខ្លួនរបស់ថែមទៅទៀត ទោះបីជានាងបានមានសាច់ឡើងគីឡូខុសពីរូបរាងដើមយ៉ាងណាក្តី ។
យ៉ាងណាមិញ Camila ក៏បានចេញមុខមកពន្លះដែរថា នាងស្លៀកខោអាវបែបនេះ ព្រោះតែចេញមកហាត់ប្រាណ ហើយវាមិនចាំបាច់ត្រូវបិទបាំង កែខៃអ្វីនោះទេពីរូបរាងរបស់នាង ព្រោះនាងក៏ជាមនុស្សស្រីម្នាក់ទូទៅដូចគេដូចឯង ដែលមានការធាត់ស្គម មានស្នាមផ្សេងៗ ជាធម្មតា ហើយនាងនឹងទទួលយកវាដោយមិនខ្វល់ពីសម្តីអ្នកដទៃឡើយ ៕