ឃើញសើចសប្បាយ តែក្រោយខ្នងតារាកូរ៉េទាំងនេះ សុទ្ធតែធ្លាប់កើតជំងឺផ្លូវចិត្តធ្ងន់ធ្ងរ
បើនិយាយទៅដល់បញ្ហាជំងឺផ្លូវចិត្ត គឺជំងឺនេះវាអាចរួមរឹតមនុស្សគ្រប់វ័យ គ្រប់ឋានៈទាំងអស់ មិនថាចាស់ ក្មេង មាន ក្រអ្វីឡើយ ដែលភាគច្រើនវាសុទ្ធតែបណ្តាលមកពីបញ្ហាមជ្ឈដ្ឋានជុំវិញដែលពួកគេរស់នៅ ក៏ដូចជាសម្ពាធនានាផងដែរ ។
បើក្រឡេកមកមើលតារាកូរ៉េប្រុសស្រីមួយចំនួន នៅក្នុងវិស័យ K-POP វិញ គេកត់សម្គាល់ឃើញមានតារាជាច្រើនបានជួបប្រទះជំងឺមួយនេះ បើទោះជាយើងធ្លាប់តែឃើញពួកគេតែងបម្រើអារម្មណ៍អ្នកគាំទ្រនៅលើឆាក ក៏ដូចជាបង្កើតបរិយាកាសរីករាយសើចកក្អឹកនៅមុខកាមេរ៉ាក្តី តែតាមពិតទៅសុខភាពផ្លូវចិត្តរបស់ពួកគេពិតជាមិនល្អនោះទេ ដែលអ្នកខ្លះសុខចិត្តបៀមទុកម្នាក់ឯង រហូតទ្រាំមិនបានឈានដល់ការគិតខ្លីបញ្ចប់ជីវិតខ្លួនឯងផងក៏មាន ។
បញ្ហាទាំងអស់នេះ ភាគគឺសុទ្ធតែកើតចេញពីសម្ពាធការងារ នឿយហត់ ព្រមទាំងបញ្ហាជីវិតផ្ទាល់ខ្លួន ជាពិសេសអ្វីដែលយើងតែងប្រទះឃើញជាញឹកញាប់នោះ គឺទទួលរងការប្រទិចរិះគន់ជាន់ពន្លិចមិនល្អ ពីបណ្តាពួកអ្នកតែស្ករស្អប់ពួកគេនេះឯង ។ ថ្ងៃនេះ «ប្រជាប្រិយ» នឹងលើកយកតារាកូរ៉េប្រុសស្រីមួយចំនួន ដែលសុទ្ធតែបានឆ្លងកាត់ជំងឺផ្លូវចិត្ត មកជូនប្រិយមិត្តបានដឹង ៖
១.តារាប្រុស Suga
បុរសសង្ហាសមាជិកក្រុម BTS ម្នាក់នេះ បានបង្ហើបឱ្យដឹងថា ខ្លួនបានប្រឈមជាមួយនឹងជំងឺផ្លូវចិត្តតាំងពីមុនចូលសិល្បៈមកម្ល៉េះ ។ លោកបានឱ្យដឹងទៀតថា លោកមានជំងឺបាក់ទឹកចិត្ត ជំងឺខ្លាចសង្គម និង ជំងឺវង្វេងស្មារតី ។ យ៉ាងណាមិញ លោកក៏បានចែករំលែកបទពិសោធផ្ទាល់ខ្លួនទាក់ទងនឹងការព្យាបាលផងដែរ ។
២.តារាស្រី IU
ស្រីស្រស់រូបនេះ បានឱ្យដឹងថា ខ្លួនធ្លាប់មានជំងឺ Bulimia ដែលធ្វើឱ្យនាងមានការការបារម្ភភិតភ័យថាខ្លួនមានសម្ថភាពមិនល្អគ្រប់គ្រាន់ក្នុងការច្រៀង ដែលបណ្តាលឱ្យនាងតែងតែងាកទៅរកការញ៉ាំច្រើនខ្លាំងរហូតដល់ក្អួតជាប្រចាំ ដើម្បីបន្លប់ភាពភិតភ័យទាំងនោះ ។ ចុងក្រោយ នាងក៏បានសម្រេចចិត្តទៅរកជំនួយពីគ្រូពេទ្យ ហើយត្រូវបានគេដឹងថា នាងបានជាសះស្បើយពីជំងឺនេះហើយ ។
៣.តារាប្រុស Nam Tae-Hyun
អតីតសមាជិកក្រុម Winner រូបនេះ បានទម្លាយឱ្យដឹងថា ខ្លួនមានជំងឺគេងមិនលក់ និង ជំងឺបាក់ទឹកចិត្ត ព្រមទាំងមានបញ្ហាជាមួយការទប់ទល់កំហឹង ។ ទាំងនេះក៏ជាមូលហេតុដែលធ្វើឱ្យលោកសម្រេចចិត្តចាកចេញពីក្រុម ដើម្បីយកពេលថែរក្សាព្យាបាលផងដែរ ។
៤.តារាស្រី Suzy
ស្រីស្អាតរូបនេះ បានឱ្យដឹងថា ដោយសារតែសម្ពាធការងារខ្លាំងពេក ធ្វើឱ្យនាងស្ត្រេសជាញឹកញាប់ រហូតក្លាយជាជំងឺបាក់ទឹកចិត្ត ដែលនៅពេលខ្លះ នៅសុខៗនាងក៏ចាប់ផ្តើមយំយកៗតែម្តង ខណៈកំពុងនិយាយជាមួយមិត្តភក្តិធម្មតាសោះ ។
៥.តារាស្រី Park bom
យើងដឹងហើយថា ស្រីស្រស់រូបនេះបានប្រទះរឿងរ៉ាវជូរចត់ដ៏ច្រើន ជាពិសេសរឿងអាស្រូវនានា ដែលសឹងតែធ្វើឱ្យនាងបាត់មុខពីវិស័យសិល្បៈទៅហើយ តែនាងនៅតែតស៊ូងើបឈរឡើងវិញ ។ បញ្ហាទាំងអស់នេះហើយ ដែលធ្វើនាងមានជំងឺគេងមិនលក់ បាក់ទឹកចិត្ត និង ជំងឺពិបាកផ្ចង់អារម្មណ៍ផងដែរ ។
៦.តារាស្រី Taeyeon
សមាជិកក្រុម Girls’ Generation ម្នាក់នេះ ត្រូវបានគេដឹងថា នាងមានជំងឺបាក់ទឹកចិត្ត ហើយអ្នកគាំទ្រកាន់តែមានការព្រួយបារម្ភចំពោះនាងមិនស្ទើរឡើយ នៅពេលដែលមិត្តភក្តិជិតស្និទរបស់នាងទាំងពីរនាក់គឺ Jonghyun និង Suli បានបញ្ចប់ជីវិតខ្លួនឯងទាក់ទងនឹងជំងឺនេះដូចគ្នា ។ យ៉ាងណាមិញ ពួកគេតែងតែព្យាយាមនិយាយលើកទឹកចិត្ត ព្រមទាំងផ្តល់កម្លាំងចិត្តជាច្រើនទៅឱ្យនាង ដើម្បីប្រយុទ្ធជាមួយជំងឺនេះ ។
៧.តារាប្រុស Leeteuk
តារាប្រុសសមាជិក Super Junior នេះវិញ បានឱ្យដឹងថា ខ្លួនមានជំងឺបាក់ទឹកចិត្ត ដោយសារតែបញ្ហាគ្រួសារ ដែលឪពុករបស់លោកបានសម្លាប់ជីដូនជីតារបស់លោក មុននឹងសម្លាប់ខ្លួនឯងតាមក្រោយ ហើយថែមទាំងបានបន្សល់បំណុលជាច្រើនឱ្យលោកជាអ្នកដោះស្រាយថែមទៀតផង ។
៨.តារាប្រុស Heechul
Heechul ត្រូវបានគេដឹងថា មានជំងឺបាក់ទឹកចិត្ត ជាពិសេសនៅពេលនាង Suli, នាង Goo Hara និង លោក Jonghyun ដែលសុទ្ធសឹងតែជាមិត្តជិតស្និទរបស់លោកបានធ្វើអត្តឃាត ។ ការបាត់បង់ពួកគេ ធ្វើឱ្យប៉ះពាល់ផ្លូវចិត្តរបស់លោកកាន់តែធ្ងន់ធ្ងរ ហើយមានពេលមួយនោះ គេបានរាយការណ៍ថា នៅសុខៗលោកបានផ្តាច់ទំនាក់ទំនងជាមួយអ្នកជុំវិញខ្លួនជាង ៣ ខែឯណោះ ។
ប្រភព៖ Koreaboo