
មិនទាន់កាត់ចិត្តបាន! យុគ ចិន្តា នៅពោលពាក្យរំជួលចិត្ត ទោះម្តាយចាកចោល ៧ ថ្ងៃហើយ
បើគិតមកដល់ថ្ងៃនេះ រយៈពេល ៨ ថ្ងៃ ហើយ ដែលអ្នកម្តាយរបស់ពិធីការិនីល្បីឈ្មោះ យុគ ចិន្តា បានអនិច្ចកម្មកាលពីថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២១ កន្លងទៅ ។ ក្នុងនោះ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ក៏ដូចជាមិត្តក្នុង និង ក្រៅរង្វង់សិល្បៈជាច្រើន ហាក់មានការសោកស្តាយ និង ចូលរួមរំលែកទុក្ខដល់អ្នកនាងផងដែរ។
កាលពីថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២១ កន្លងទៅនេះ បើទោះជាមិនបានរៀបចំបុណ្យសពគម្រប់ ៧ ថ្ងៃ ធំដុំជូនអ្នកម្តាយក៏ពិតមែន ប៉ុន្តែអ្នកនាង យុគ ចិន្តា បានបង្គ្រប់តួនាទីតាមព្រះពុទ្ធសាសនាសព្វគ្រប់ ដោយទៅវត្តធ្វើបុណ្យជួបជុំសាច់ញាតិ និង សែនព្រេនជូនអ្នកមានគុណដែលបានចែកឋានទៅនោះ ។
ជាការពិត រយៈពេល ៧ ថ្ងៃ បានកន្លងផុតទៅមែន ប៉ុន្តែក្តីស្រណោះស្រណោក អាលោះអាល័យអ្នកម្តាយជាទីស្រឡាញ់នៅតែមានក្នុងចិត្តរបស់អ្នកនាង យុគ ចិន្តា រហូតធ្វើឱ្យពិធីការិនីរូបនេះ បានបង្ហោះសាររៀបរាប់ពាក្យរំជួលចិត្ត អមនៅមុខរូបថតអ្នកម្តាយថា «គម្រប់ ៧ ថ្ងៃ ដែលអ្នកម្ដាយលាកូនៗជារៀងរហូត គ្មានថ្ងៃត្រឡប់វិញឡើយ អ្នកម្ដាយហត់នឿយយូរពេកហើយ ក្នុងការមើលថែកូន ចិញ្ចឹមកូន បារម្ហពីកូនៗ។ អ្នកម្ដាយសម្រាកចុះ បុណ្យកុសល ដែលអ្នកម្ដាយបានសាងបុណ្យកុសល ដែលកូនបានសាង សូមបានទៅដល់វិញ្ញណក្ខន្ធអ្នកម្ដាយកុំបីឃ្លៀងឃ្លាតឡើយ»៕