
Taew សុខចិត្តព្យាបាលកូវីដនៅផ្ទះ បោះបង់ការព្យាបាលនៅពេទ្យ ព្រោះមូលហេតុសំខាន់នេះ
ថ្មីៗនេះ មហាជនមានការភ្ញាក់ផ្អើលជាខ្លាំងបន្ទាប់ពីតារាស្រីនាង Taew Natapohn បានចេញមុខបង្ហាញលទ្ធផលតេស្តចុងក្រោយរបស់នាងថា ខ្លួនមានវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២១ កន្លងទៅ ។
វាជាដំណឹងមួយដែលមិនគួឱ្យជឿឡើយសម្រាប់នាង ព្រោះនាងបានឆ្លងកាត់ការធ្វើតេស្តឃើញអវិជ្ជមានជាច្រើនលើកមកហើយ ហើយអ្វីដែលរឹតធ្វើឱ្យ Taew កាន់តែឆ្ងល់ទៀតនោះ គឺនាងមិនដឹងថាខ្លួនឯងបានឆ្លងមកពីណានោះឡើយ ទាំងដែលនាងបានទទួលការចាក់វ៉ាក់សាំង Sinovac គ្រប់ចំនួន ២ ដូសរួចហើយនោះ ។
ដោយឡែកនៅថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២១ នេះ បន្ទាប់ពីតេស្តឃើញវិជ្ជមានរួចមក នាងក៏បានប្រឹក្សាជាមួយក្រុមគ្រូពេទ្យទាក់ទងទៅនឹងការព្យាបាលរួចរាល់មកហើយដែរ ។ ជាមួយគ្នានោះដែរ នាងក៏ចេញមុខបញ្ជាក់ច្បាស់ៗ នៅក្នុងគណនី IG របស់នាងទាក់ទងទៅនឹងការព្យាបាលយ៉ាងដូច្នេះថា «បន្ទាប់ពីនាងបានប្រឹក្សាជាមួយគ្រូពេទ្យរួចមក ពេទ្យប្រាប់ថានាងអាចសម្រាកព្យាបាលនៅផ្ទះដោយនៅដាច់ដោយឡែកពីគ្រួសារបាន ព្រោះនាងមិនទាន់មានអាការធ្ងន់ធ្ងរណាមួយគួរឱ្យកត់សម្គាល់ថាធ្ងន់ធ្ងរខ្លាំងនោះទេ ណាមួយនាងចង់ទុកសិទ្ធិឱ្យអ្នកដែលកំពុងមានអាការធ្ងន់ធ្ងរដែលត្រូវការគ្រែជាបន្ទាន់វិញល្អជាង» ។
យ៉ាងណាមិញ ពេលនេះនាងបានចេញមុខបញ្ជាក់ច្បាស់ៗហើយពីហេតុផលដែលនាងសម្រាកព្យាបាលជំងឺកូវីដ-១៩ នៅផ្ទះ ។ ទន្ទឹមនឹងនោះដែរ អ្នកគាំទ្រនាង និង មិត្តសិល្បៈក៏បានចូលខមមិនសម្តែងការបារម្ភ និង ជូនពរនាងឱ្យឆាប់ជាថែមទៀតផង ៕