
មិនខ្វល់រឿងស្នេហា អ៊ីណូ សម្រុករកស៊ីលើមុខជំនួញទាំងនេះ សល់លុយរាប់ម៉ឺនដុល្លារ
កាលពីពេលកន្លងមក មហាជននិយមតាមដានជីវិតឯកជនរបស់តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ លោក អ៊ីណូ ប្រាកដជាបានដឹងមកហើយពីរឿងរ៉ាវបេះដូងរបស់លោក ដោយធ្លាប់បានបើកចំហជាសាធារណៈពីចំណងស្នេហ៍ជាមួយនឹងអ្នកគ្រូពេទ្យស្រស់សោភាមួយរូប កាលពីអំឡុងឆ្នាំ ២០១៨ ។ មិនបានប៉ុន្មាន លោក និង នារីរូបនោះ ក៏បានបែកបាក់គ្នាយ៉ាងស្ងប់ស្ងាត់ ដោយលោក អ៊ីណូ ក៏មិនបានបញ្ជាក់មូលហេតុផងនោះ ។
ក្រោយពីបែកបាក់ស្នេហ៍មួយរយៈធំហើយនោះ លោក អ៊ីណូ ក៏ហាក់មិនទាន់មានអ្នកស្អំបេះដូងថ្មីនៅឡើយនោះទេ ក៏ព្រោះតែមើលទៅតារាចម្រៀងរូបនេះ ហាក់សម្រុកខ្លាំងលើការងារសិល្បៈ ក៏ដូចជាមុខរបររកស៊ីផ្ទាល់ខ្លួន ។
ជាការពិត កាលពីពេលកន្លងមក លោក អ៊ីណូ បានបើកឃ្លាំងលក់ទិញរថយន្ត ទទួលបានជោគជ័យយ៉ាងខ្លាំងទាំងវ័យក្មេង ។ មិនត្រឹមតែប៉ុណ្ណោះ ថ្មីៗនេះ លោកក៏បានបន្ថែមអាជីពលក់ដូរសម្លៀកបំពាក់លើអនឡាញ ព្រមទាំងបានបើកភោជនីយដ្ឋានមួយនៅជាយក្រុងទៀតផង ។
ចំណុចខាងលើនេះហើយ ដែលធ្វើឱ្យមហាជនអ្នកគាំទ្រ មានការសរសើរដល់តារាចម្រៀង អ៊ីណូ ដែលទទួលបានជោគជ័យទាំងលើវិថីសិល្បៈ និង អាជីពរកស៊ីខាងក្រៅ ដែលធ្វើឱ្យលោកចាយភាពហ៊ឺហារ ជិះឡានទំនើប ចាយលុយពេញដៃ និង កំពុងសាងសង់វីឡាដ៏ស្កឹមស្កៃថ្មីទៀតផង ៕