សូលីដូ ម្ចាស់បទ «អ្នកដែលពិបាកចិត្តជាងគេលើលោក» បាត់មុខឈឹងពីសិល្បៈ
បើរំឭកកាលពីរយៈពេលជាង ១០ ឆ្នាំមុន មហាជននិយមគាំទ្រតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ ជំនាន់លោក មាស សាលី និង លោក ជុំ លីណូ នោះ ប្រាកដជានៅចាំច្បាស់នៅឡើយលោក សូលីដូ ម្ចាស់បទ «អ្នកដែលពិបាកចិត្តជាងគេលើលោក» ។
កាលនោះ បទចម្រៀងរបស់លោកភាគច្រើនជាបទបែបមនោសញ្ចេតនា សុទ្ធសឹងតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន ។ យ៉ាងណាមិញ កាលពីអំឡុងឆ្នាំ ២០១០ លោកបានបញ្ចប់កុងត្រានៅផលិតកម្មសាន់ដេ និង បន្តច្រៀងក្នុងផលិតកម្ម Big Man ហើយក្រោយមកឆ្នាំ ២០១២ លោកបានចាកចេញពីផលិតកម្មមួយនេះ ទៅកាន់ផលិតកម្ម Diamond Music និង កំឡុងឆ្នាំ ២០១៥ ក៏បានបោះជំហានចូលផលិតកម្ម HD Production ។
យ៉ាងណាមិញ ក្រោយចូលប្រឡូកក្នុងផលិកម្ម HD Production និង ចេញបទចម្រៀងបានប៉ុន្មានបទ លោក សូលីដូ ក៏បានបាត់មុខឈឹងលើវិថីសិល្បៈតែម្តង ហើយមកដល់ពេលបច្ចុប្បន្ន មហាជនអ្នកគាំទ្រជាច្រើនហាក់នឹករឭក និង ចង់ដឹងសុខទុក្ខលោកយ៉ាងខ្លាំងផងដែរ ព្រោះសូម្បីតែបណ្តាញសង្គមនានា ក៏មហាជនមិនអាចរករូបលោកឃើញ ។ លើសពីនោះ បើតាមប្រភពស្និទ្ធស្នាលជាអ្នកនិពន្ធចម្រៀងល្បីឈ្មោះមួយរូបក៏បានឱ្យដឹងថា លេខទូរស័ព្ទរបស់លោក សូលីដូ ធ្លាប់ប្រើពីមុនក៏បានប្តូរទៀត ។
គួររំឭកថា កាលពីអំឡុងឆ្នាំ ២០១០ ទើបនឹងចាកចេញពីផលិតកម្មសាន់ដេ បោះជំហានចូលផលិតកម្ម Big Man លោក សូលីដូ ធ្លាប់បានប្រាប់សារព័ត៌មានក្នុងស្រុកមួយថា លោកមានគម្រោងបើកអាជីវកម្មមួយផ្ទាល់ខ្លួន បើសិនជាមានលទ្ធភាព ហើយលោកក៏បញ្ជាក់ថា បើលោកអាចរកការងារជំនួញមួយមកជំនួសបានហើយ លោកនឹងឈប់ពីសិល្បៈភ្លាម តែបើគ្មាននោះលោកប្រហែលនឹងមិនអាចបន្តលើវិថីសិល្បៈនេះយូរដែរ ព្រោះមើលទៅវាមិនសូវអំណោយផលដល់លោក ។
បន្ថែមទៀតថា តាំងពីចាកចេញពីផលិតកម្ម HD Production ហើយនោះ លោក សូលីដូ ក៏បាត់មុខឈឹងដូចគ្នា ដែលបន្សល់ត្រឹមតែបទចម្រៀងពីរោះៗរបស់លោកនៅលើបណ្តាញសង្គម Youtube ដែលជាហេតុធ្វើឱ្យអ្នកគាំទ្រមានការព្រួយបារម្ភ និង នឹកដល់សុខទុក្ខលោកយ៉ាងខ្លាំង៕