ណាំ ប៊ុណ្ណារ័ត្ន បាត់មុខយូរឆ្នាំលើវិស័យសិល្បៈ បែរមកសំងំរកស៊ីមុខរបរទាំងនេះ
បើនិយាយពីលោក ណាំ ប៊ុណ្ណារ័ត្ន ច្បាស់ណាស់មហាជននិយមគាំទ្របទចម្រៀងបែបមនោសញ្ចេតនាជាច្រើន ប្រាកដជាស្គាល់លោកជាក់ជាមិនខាន ។ ក្នុងនោះដែរ តារាចម្រៀងប្រុសរូបនេះបានសាងកេរ្តិ៍ឈ្មោះក្រាស់ក្រែលលើវិថីសិល្បៈ ទាំងក្នុងនាមជាតារាចម្រៀង តន្ត្រីករ និង អ្នកនិពន្ធផងដែរ ។
ដោយឡែក បើក្រឡេកមកមើលប្រមាណ ១ ឆ្នាំ ចុងក្រោយ ក្រោយបញ្ចប់កុងត្រាពីផលិតកម្មថោន និង វិលទៅទ្រនំចាស់ផលិតកម្ម M វិញនោះ លោក ណាំ ប៊ុណ្ណារ័ត្ន ក៏សូវបានបង្ហាញវត្តមានច្រើននៅលើឆាកតន្ត្រីនោះឡើយ ពោលគឺលោកសំងំធ្វើកិច្ចការជាច្រើនទៀតទាំងក្នុង និង ក្រៅរង្វង់សិល្បៈ ។
ជាការពិត បច្ចុប្បន្នបើទោះជាលោក ណាំ ប៊ុណ្ណារ័ត្ន ឡើងឆាកតន្ត្រីម្តងម្កាលមែន ប៉ុន្តែសម្រាប់ការនិពន្ធបទភ្លេង ទំនុកច្រៀងឱ្យតារាផ្សេងៗ និង បង្រៀនផ្នែកតន្ត្រីនោះ គេកត់សម្គាល់ឃើញលោកហាក់ដូចជាមមាញឹកទៅវិញ ។ លើសពីនេះទៅទៀត បើងាកទៅជីវិតក្រៅសិល្បៈលោកបន្តិចនោះ ថ្មីៗនេះគេបានដឹងថា លោកកំពុងមានរបរទិញលក់ដី ផ្ទះ និង បន្ថែមអាជីពនៅក្នុងក្រុមហ៊ុនផលិតផលថែរក្សាសុខភាពមួយផងដែរ ។ នេះបើតាមការបង្ហោះលើគណនីរបស់លោកផ្ទាល់កាលពីពេលកន្លងទៅនេះ ៕