
សុខ ពិសី ស្រក់ទឹកភ្នែកអាណិតតោ និង ស្នើឱ្យប្រគល់ជូនម្ចាស់ចិញ្ចឹម ព្រោះ ២ ចំណុចនេះ
ថ្មីៗនេះ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកបានផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើសត្វតោដែលត្រូវបានអាជ្ញាធរចម្រុះរាជធានីភ្នំពេញ បានដកហូតពីបុរសជនជាតិចិនម្នាក់ចិញ្ចឹមដោយខុសច្បាប់នៅក្នុងលំនៅដ្ឋានរបស់ខ្លួន តាំងពីសត្វតោនៅតូចរហូតដល់មានអាយុប្រមាណ ១ ឆ្នាំកន្លះ ដោយឱ្យបរិភោគសាច់ឆ្អិនប្រមាណ ៦ គីឡូក្រាមក្នុងមួយថ្ងៃ ។
ក្រោយការចុះចាប់នេះ ចំពោះសត្វតោឈ្មោលមួយក្បាលនោះ នឹងធ្វើការប្រគល់ជូនទៅកាន់មជ្ឈមណ្ឌលថែទាំ និង សង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ដើម្បីចិញ្ចឹមបីបាច់បន្ត ។ ចំណែកឯ បុរសជនជាតិចិន ដែលត្រូវជាម្ចាស់តោខាងលើ ត្រូវបានអាជ្ញាធរហៅទៅធ្វើការណែនាំ ឱ្យឈប់ចិញ្ចឹមសត្វព្រៃបែបនេះបន្តទៀត ។
ដោយឡែកជុំវិញប្រតិបត្តិការណ៍ខាងលើនេះ ធ្វើឱ្យមហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន បានជជែកវែកញែកពីមតិផ្សេងៗគ្នា ដោយអ្នកខ្លះថាធ្វើបែបនេះត្រឹមត្រូវ ហើយខ្លះទៀតក៏មិនពេញចិត្តផងដែរ ។ ក្នុងនោះ គេសង្កេតឃើញថាក៏មានសិល្បករ-ការិនីជាច្រើន បានចេញមុខមកទទូចស្នើសុំឱ្យយកសត្វតោនោះ ប្រគល់ឱ្យម្ចាស់វាវិញទៀតផង។
បើក្រឡេកមកតារាចម្រៀងល្បីឈ្មោះប្រចាំផលិតកម្មសាន់ដេ កញ្ញា សុខ ពិសី ដែលជាបុគ្គលម្នាក់មានចិត្តអាណិតស្រឡាញ់សត្វនោះ ក៏មិនខុសប្លែកពីមហាជនមួយចំនួនដែរ ដោយនាងបានស្នើសុំអនុគ្រោះ ឱ្យអាជា្ញធរ ប្រគល់សត្វតោនោះ ទៅឱ្យម្ចាស់ជនជាតិចិនចិញ្ចឹមបីបាច់វិញ ក៏ព្រោះតែ ២ ចំណុច ។
ចំណុច ២ ដែលកញ្ញា សុខ ពិសី បានដាច់ចិត្តប្រកាសស្នើសុំជាសាធារណៈនោះគឺ នាងបានឮថា សត្វតោនោះ ត្រូវបានម្ចាស់កាត់ចង្កូម កាត់ក្រចកចេញ និង តោនោះមើលទៅស្លូតដូចជាសត្វចិញ្ចឹមទៅហើយ ។ លើសពីនោះ តារាស្រីស្រស់ស្អាតសាច់ខ្ចីខាងលើនេះបានបន្ថែមថា នាងរលីងរលោកស្រក់ទឹកភ្នែកអាណិតសត្វតោណាស់ ៕