អីយ៉ាស់! ស្ងាត់ៗ ម៉ង់ ចាន់កញ្ញា បង្ហាញមុខគូស្នេហ៍ សង្ស័យមានដំណឹងល្អឆាប់ៗហើយ
បើគិតមកដល់ពេលនេះ រយៈពេល ៤ ឆ្នាំ មកហើយ ដែលតារាចម្រៀងស្រករក្រោយ ម៉ង់ ចាន់កញ្ញា បានចូលរួមប្រកួតកម្មវិធីលំដាប់ពិភពលោក Cambodia Idol រដូវកាលទី ២ និង បានក្លាយទៅជាតារាចម្រៀងអាជីពប្រចាំផលិតកម្មរស្មីហង្សមាស ដោយក្នុងនោះនាងក៏ជាតារាចម្រៀងជើងខ្លាំងម្នាក់ដែរនៅក្នុងផលិតកម្មហង្សមាស ជាពិសេសតាមរយៈបទចម្រៀងពីរោះៗជាច្រើនបទកន្លងមក ។ អ្វីដែលពិសេសក្រៅពីមានសំឡេងពីរោះ ម៉ង់ ចាន់កញ្ញា ក៏មានរូបសម្បត្តិស្រស់ស្អាតម្នាក់ដែរ នៅក្នុងចំណោមតារាចម្រៀងស្រីជាច្រើនដួង ។
យ៉ាងណាមិញ បើក្រឡេកទៅមើលជីវិតក្រៅ និង ក្នុងរង្វង់សសិល្បៈវិញ ភាគច្រើន ម៉ង ចាន់កញ្ញា តែងតែបង្ហាញពីការងារសិល្បៈច្រើនជាងរឿងរ៉ាវឯកជន ប៉ុន្តែស្រាប់តែថ្មីៗនេះ តារាចម្រៀងស្រីរូបនេះ បានបង្ហាញមុខជាសាធារណៈលើកដំបូងនូវគូស្នេហ៍របស់នាងនៅលើបណ្តាញសង្គមហ្វេសប៊ុក ធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើល និង រំភើបចិត្តទៀតផង ។
រូបភាពច្រើនសន្លឹកយ៉ាងផ្អែមល្ហែមក្នុងឈុតគូស្នេហ៍ ជាមួយនឹងមិត្តប្រុស អមពាក្យមួយឃ្លាថា «អរគុណដែលចូលមកធ្វើឱ្យមុខខ្ញុំមូលដូចថាសដាក់បាញ់ឆេវ» បានធ្វើឱ្យអ្នកគាំទ្រ និង មិត្តក្រៅ-រង្វង់សិល្បៈជាច្រើនបានចូលរួមជូនពរដល់អ្នកទាំងពីរឱ្យស្រឡាញ់គ្នាកាន់តែច្រើនឡើង ។ លើសពីនោះ ពួកគេក៏សង្ឃឹមថា ម៉ង់ ចាន់កញ្ញា នឹងមានដំណឹងល្អក្នុងពេលឆាប់ៗដូចគ្នាដែរ ៕