សម្រស់ រូបរាងបានមួយចប់ តាមពិតតារាប្រុសស្រី ៥ រូប សុទ្ធតែមានចំណុចទាក់ទាញនេះពីកំណើត
មហាជន និង អ្នកគាំទ្រតាមដានវិស័យ K-Pop មួយចំនួនបានឃើញមកហើយថា គ្រប់តារាប្រុសស្រីទាំងអស់ សុទ្ធតែមានមុខមាត់ ក៏ដូចជាសម្រស់ល្អគយគន់ ស្អាតសង្ហារ ជាពិសេសការតុបតែងកាយភាគច្រើនគឺទៅតាមបែបកូរ៉េដែលជាទឹកដីដែលខ្លួនកំពុងរស់នៅ ។
ប្រិយមិត្តមានដែលសង្កេតទេថា ក្នុងចំណោមតារាទាំងអស់នោះ មានតារាប្រុសស្រីមួយចំនួន ក៏ជាកូនកាត់ផងដែរ ភាគច្រើនជា កូរ៉េ កាត់ អាមេរិក កាណាដា ចិន ជប៉ុន ឬ សាសន៍ផ្សេងៗ ជាដើម ដែលបណ្តាលឱ្យមុខមាត់សម្រស់ពួកគេមើលទៅ កាន់តែប្លែកលេចធ្លោទាក់ភ្នែកមិនធម្មតា ទៅតាមជាតិសាសន៍ដែលគេបានកាត់ ។ ដូចនេះ ដើម្បីជាការរំសាយអារម្មណ៍ «ប្រជាប្រិយ» សូមនាំយកនូវតារាកូរ៉េប្រុសស្រីជាកូនកាត់ល្បីៗចំនួន ៥ រូប មកជូនទស្សនា ៖
១. Nancy សមាជិកក្រុម MOMOLAND
តារាស្រីវ័យ ២១ ឆ្នាំរូបនេះ បើនិយាយពីសម្រស់គឺមិនធម្មតានោះឡើយ ដោយរូបនាងជាកូនកាត់រហូតដល់ទៅបីសាសន៍ឯណោះគឺ កូរ៉េ អាមេរិក និង អៀឡង់ ។ នាងបានកើតនៅកូរ៉េខាងត្បូងផ្ទាល់ ជាមួយម្តាយដែលជាជនជាតិកូរ៉េ និង ឪពុកជាជនជាតិអាមេរិក-អៀឡង់ ។ យ៉ាងណាមិញ នាងកាន់សញ្ជាតិតែមួយប៉ុណ្ណោះ គឺកូរ៉េខាងត្បូង ។
២. Jeon Somi អតីតសមាជិក I.O.I
ស្រីស្រស់ជាតារាចម្រៀងទោលរូបនេះ ក៏មិនណយដែរ នាងក៏កាត់បីសាសន៍ដូចគ្នា គឺ កូរ៉េ កាណាដា និង ហូឡង់ ។ នាងបានកើតនៅ Ontario ប្រទេសកាណាដា ជាមួយម្តាយជាជនជាតិកូរ៉េ ឪពុកជាជនជាតិអាមេរិក-ហូឡង់ ហើយពួកគេបានផ្លាស់មកនៅកូរ៉េខាងត្បូងតាំងពីអាយុ ១ ឆ្នាំមកម៉្លេះ ។ យ៉ាងណាមិញនាងបានកាន់សញ្ជាតិបីឯណោះ គឺដូចទៅនឹងសញ្ជាតិដែលនាងកាត់នេះឯង ។
៣. Huening Kai សមាជិកក្រុម TXT
កំលោះមុខផ្អែម ជាតារាពន្លកថ្មីឯណេះវិញ ជាកូនកាត់បីសាសន៍ពេញៗ កូរ៉េ អាមេរិក និង អាល្លឺម៉ង់ ថែមទាំងជាតារាដែលមានសញ្ជាតិបរទេសដំបូងបង្អស់របស់ផលិតកម្មយក្ស Big Hit ថែមទៀតផង ។ លោកកើតនៅ Hawaii សហរដ្ឋអាមេរិក មានម្តាយជាជនជាតិកូរ៉េ ឪពុកជាជនជាតិអាមេរិក-អាល្លឺម៉ង់ ។ លោកកាន់តែសញ្ជាតិមួយទេ គឺសញ្ជាតិអាមេរិក ។
៤. Vernon សមាជិកក្រុម SEVENTEEN
បុរសសង្ហាញញឹមស្រស់រូបនេះ ជាកូនកាត់ពីរសាសន៍ កូរ៉េ និង អាមេរិក ។ លោកបានកើតនៅសហរដ្ឋអាមេរិក មានម្តាយជាជនជាតិអាមេរិក និង ឪពុកជាជាតិកូរ៉េ ហើយពួកគេបានផ្លាស់មកនៅកូរ៉េខាងត្បូងនៅពេលដែលលោកអាយុ ៥ ឆ្នាំ ។ យ៉ាងណាមិញ លោកកាន់សញ្ជាតិពីរគឺ អាមេរិក និង កូរ៉េខាងត្បូង ។
៥. Kim Samuel
តារាចម្រៀងទោលរូបនេះ ជាកូនកាត់ កូរ៉េ ម៉ិចសិចកូ ដែលកើតនៅ Los Angeles សហរដ្ឋអាមេរិក មានម្តាយជាជនជាតិកូរ៉េ និង ឪពុកជាជនជាតិ ។ លោកកាន់សញ្ជាតិតែមួយ គឺអាមេរិក ៕