ថ្ងៃកំណើត កែវ ចាន់និមល ដឹកដៃក្រុមគ្រួសារទៅសហរដ្ឋអាមេរិកស្ងាត់ៗ
កាលពីថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២១ កន្លងទៅនេះ គឺជាថ្ងៃកំណើតរបស់ពិធិការិនីល្បីឈ្មោះ អ្នកនាង កែវ ចាន់និមល ត្រូវបានមហាជនអ្នកគាំទ្រ និង មិត្តសិល្បករជាច្រើនបានចូលរួមជូនពរដល់អ្នកនាង ដោយក្នុងនោះអ្នកនាង កែវ ចាន់និមល ក៏ទទួលបានកាដូ និង នំខេកជាច្រើនផងដែរ ។
យ៉ាងណាមិញ ជារៀងរាល់ឆ្នាំបើសិនមិនមានការរៀបចំកម្មវិធីខួបកំណើតធំដុំយ៉ាងណា ក៏ពិធីការិនីរូបនេះត្រូវបានអ្នករួមអាជីព និង មិត្តភក្តិរៀបចំកម្មវិធីជាលក្ខណៈគ្រួសារឱ្យអ្នកនាងដែរ ប៉ុន្តែនៅក្នុងឆ្នាំនេះ គឺខុសប្លែកពីឆ្នាំមុនៗ ដោយសារអ្នកនាង កែវ ចាន់និមល បានធ្វើដំណើរទៅក្រៅប្រទេសនៅយប់ថ្ងៃកំណើតនោះ ។
តាមការបង្ហោះលើគណនីហ្វេសប៊ុករបស់ពិធីការិនីរួមទ្រនំ អ្នកនាង ប៉ែន ស្រីពេជ្រ បានឱ្យដឹងថា អ្នកនាង កែវ ចាន់និមល ព្រមទាំងស្វាមី និង កូន បានធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកនៅយប់ថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២១ ។ ដំណឹងនេះ ធ្វើឱ្យមហាជនអ្នកលេងបណ្តាញសង្គមមានការស្រឡាំងកាំងយ៉ាងខ្លាំង ព្រោះស្ងាត់ៗពិធីការិនីរូបនេះបានចាកចេញពីកម្ពុជា ដោយមិនបានប្រាប់ដំណឹង ពោលគឺមានតែមិត្តសិល្បៈ និង អ្នកស្និទ្ធស្នាល់ប៉ុណ្ណោះបានដឹង ។
គួរបន្ថែមថា ការចាកចេញទៅកាន់សហរដ្ឋអាមេរិកទាំងគ្រួសាររបស់ពិធីការិនី កែវ ចាន់និមល មិនបានជ្រាបច្បាស់នៅឡើយថា អ្នកនាងនឹងទៅរស់នៅទីនោះ ឬក៏ទៅកម្សាន្ត ហើយវិលត្រលប់មកវិញដូចពេលកន្លងនោះឡើយ ៕