រៀបការយូរខែ ខាត់ ស្រីច័ន្ទ រងទី ៤ MGC 2020 គិតតែសម្រុកធ្វើរឿងនេះវិញ
មហាជនអ្នកគាំទ្រ Miss Grand Cambodia 2020 ប្រាកដជាបានស្គាល់មកហើយនូវបវរកញ្ញាដែលទទួលបានតំណែងលំដាប់រងទី ៤ ថ្មី បន្ទាប់ពីម្ចាស់មកុដ និង លំដាប់រងទី ២ MGC 2020 ត្រូវបានប្តូរចេញ ដោយតំណែងលំដាប់រងទី ៤ មានការចូលរួមបោះឆ្នោតពីអ្នកគាំទ្រត្រូវបានទៅលើ Miss Grand កំពង់ឆ្នាំង ខាត់ ស្រីច័ន្ទ ។
យ៉ាងណាមិញ បើក្រឡេកទៅមើលជីវិតឯកជនវិញនោះ បវរកញ្ញា ខាត់ ស្រីច័ន្ទ ក៏បានរៀបការរួចហើយដែរ ជាមួយនឹងស្វាមីដែលជាតារាម៉ូដែលដូចគ្នា កំឡុងពេលដែលអ្នកនាងទើបបញ្ចប់ការប្រកួត Miss Grand Cambodia 2020 ។ កាលនោះ កម្មវិធីអាពាហ៍ពិពាហ៍របស់នាងគឹត្រូវបានរៀបចំដោយស្ងប់ស្ងាត់នៅឯមាត់សមុទ្រ លើកោះរ៉ុង ដោយមានការចូលរួមពីមិត្តភក្តិស្និទ្ធស្នាលប៉ុន្មាននាក់ប៉ុណ្ណោះ ។
ដោយឡែក បើគិតចាប់ពីថ្ងៃបវរកញ្ញាលំដាប់រងទី ៤ MGC 2020 បានសម្រេចចិត្តបញ្ចប់ភាពនៅលីវ រៀបការកំឡុងខែវិច្ឆិកា ឆ្នាំ ២០២០ រហូតមកដល់ពេលនេះរយៈពេលប្រមាណជាង ៧ ខែមកហើយ ប៉ុន្តែអ្នកនាង ខាត់ ស្រីច័ន្ទ និង ស្វាមី ហាក់មិនទាន់នឹកនាសម្រេចចិត្តមានបុត្រនៅឡើយនោះទេ ដោយក្នុងនោះមហាជនហាក់ឃើញបវរកញ្ញារូបនេះសម្រុកខ្លាំងទៅលើការងារសិល្បៈ ។
ជាការពិត បច្ចុប្បន្នអ្នកនាង ខាត់ ស្រីច័ន្ទ បានក្តោបបានទីផ្សារសិល្បៈយ៉ាងច្រើនលើវិថីសិល្បៈ ដោយអ្នកនាងបានក្លាយទៅជា Brand Ambassador ឱ្យផលិតផលមួយចំនួន និង បានចូលរួមសម្តែងខ្សែភាពយន្ត ក៏ដូចជាថតផ្សព្វផ្សាយពាណិជ្ជនានាជាច្រើនទៀតផង ៕