តម្លៃផ្ទះនៅលេងៗរបស់តារាកូរ៉េ ៦ រូបនេះ បើប៉ះអ្នកចាយល្មមៗចាយមួយជីវិតមិនអស់
ដូចដែលយើងជាអ្នកគាំទ្រ ក៏ដូចជាអ្នកតាមដាន បានជ្រាបខ្លះៗមកហើយថា គ្រប់តារាសិល្បៈកូរ៉េទាំងអស់ ទាំងចម្រៀង និង សម្តែង កាលបើចាប់យកអាជីពមួយនេះ ច្បាស់ណាស់ថា អ្នកសិល្បៈទាំងនោះអាចនឹងមានលទ្ធភាពទាញប្រាក់ចំណូល ចូលកាបូបរបស់ខ្លួនបានមិនស្ទើរនោះទេ។
យ៉ាងណាមិញ បើងាកទៅមើលពីជីវិតឯកជនរបស់ តារាប្រុស-ស្រីកូរ៉េមួយចំនួន តែងនិយមប្រមូលលុយរកបាន ទៅទិញ អចលទ្រព្យទុកក្នុងដៃតម្លៃវាល់លានដុល្លារ មិនស្ដាយឡើយ។ ថ្ងៃនេះ « ប្រជាប្រិយ » នឹងទម្លាយពីទ្រព្យសម្បត្តិអចលទ្រព្យរបស់កំពូលតារាកូរ៉េទាំង ៦ ដួង ជូនទស្សនិកជនបានជ្រាបជាការកម្សាន្តអារម្មណ៍។
១. Rain និង Kim Tae Hee
ស្វាមីភរិយាសេដ្ឋីវ័យក្មេងមួយគូនេះ មានទ្រព្យសម្បត្តិសរុបជាមួយគ្នារហូតដល់ប្រមាណ ៤២.៨ លានដុល្លារអាមេរិក។ ក្នុងនោះដែរចំពោះអចលនទ្រព្យមាន៖
-វីឡាស្កឹមស្កៃមួយខ្នងមានតម្លៃជាង ៥.១ ដុល្លារនៅតំបន់ Hannam ក្រុង Seoul
-អគារមួយខ្នងតម្លៃ ១១.១ លានដុល្លារ នៅតំបន់ Gangnam
-វីឡាមួយផ្សេងទៀតតម្លៃ ៥.៣ លានដុល្លារ Cheongdam
-មជ្ឈមណ្ឌលពាណិជ្ជកម្មតម្លៃ ២១.៤ ដុល្លារ Cheongdam
-ព្រមទាំងប្រើទឹកប្រាក់ប្រមាណ ១៧.១ លានដុល្លារទៀត កំពុងតែវិនិយោគក្នុងវិស័យអចលនទ្រព្យទៀតផង
២. Song Hye kyo
តារាសម្តែងជួរមុខដ៏ល្បីមួយរូបនេះ បានបង្ហើបឱ្យដឹងថា នាងមានអចលនទ្រព្យបីកន្លែងនៅតំបន់ Samseong-dong ដែលក្នុងមួយកន្លែងមានតម្លៃជិត ៧ លានដុល្លារ ហើយនាងថែមទាំងមានផ្ទះមួយកន្លែងនៅទីក្រុង New York សហរដ្ឋអាមេរិកថែមទៀតផង ។ លើសពីនេះទៅទៀត ថ្មីៗនេះ នាងក៏ទើបតែបានទិញអគារស្នាក់នៅមួយកន្លែងក្នុងក្រុង Hannamdong ដែលមានតម្លៃរហូតទៅដល់ ១៧.៨ លានដុល្លារឯណោះ។
៣. Jun Ji Hyun
តារាសម្តែង និង បង្ហាញម៉ូត សាច់ចាំម្នាក់នេះ មានអចលទ្រព្យតម្លៃ ៨.៥ លានដុល្លារនៅតំបន់ Gangnam និង មានទ្រព្យក្នុងតំបន់ Yongsan ដែលមានតម្លៃសរុបរហូតដល់ ២០ ពាន់លានវ៉ុន ព្រមទាំងទ្រព្យសម្បត្តិនៅក្នុងតំបន់ Gangnam ផ្សេងៗជាច្រើនទៀតផង។
៤. Kang Daesung
បុរសសង្ហាកូនពៅប្រចាំក្រុមល្បី Big Bang ឯណេះវិញ ត្រូវបានគេដឹងថា លោកបានទិញអគារមួយកន្លែង មានកម្ពស់ ៨ ជាន់ នៅជិត Apgujeong ។ អ្វីដែលចាប់អារម្មណ៍នោះ នៅជាន់ផ្ទាល់ដី គេឃើញលោកបានបង្កើតហាងកាហ្វេប្រេនល្បី Starbucks ដែលធ្វើឱ្យលោករកបានចំណូលពីវាបានរហូតដល់ ៨៤ ៩៦៣ ដុល្លារក្នុងមួយខែផងដែរ។
៥. G Dragon
ស្តេចហ្វេសសិនប្រចាំវិស័យ Kpop និង ជាមេក្រុម Big Bang រូបនេះ បានទិញអចលទ្រព្យនៅ ក្នុងឆ្នាំ ២០១៧ ដែលមានតម្លៃរហូតដល់ ៧.៨៦ លានដុល្លារ ហើយថ្មីៗនេះ លោកទើបតែបានផ្លាស់ទៅនៅផ្ទះមួយកន្លែងដែលមានតម្លៃ ៧.៣ លានដុល្លារផងដែរ។
៦. Bae Suzy
ស្រីស្រស់រូបស្អាតនេះ មានផ្ទះមួយកន្លែងតម្លៃ ៣.៣ លានដុល្លារ ហើយនាងក៏មានអគារស្នាក់នៅមួយកន្លែងក្នុងតំបន់ Gangnam ដែលមានតម្លៃរហូតដល់ ៣ លានដុល្លារផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ នាងក៏ជាតារាស្រីដែលអាចរកចំណូលបានរហូតដល់ ១៣ ៤០០ ដុល្លារ ពីការដាក់ជួលអចលនទ្រព្យរបស់នាងទៀតផង។