ជីវិតស្នេហា Kwan ជួបបែកៗជិត ១០ ដង មុនធ្លាយដំណឹងថានឹងរៀបការជាមួយអ្នកមានតួនាទីធំម្នាក់
ប្រិយមិត្តដែលនិយមតាមដានជីវិតរបស់តារាប្រុសស្រីរបស់ថៃប្រាកដជាបានដឹងមកហើយពីរឿងរ៉ាវជីវិតស្នេហារបស់ពួកគេមួយចំនួន ដោយតារាល្បីខ្លះជួបរឿងស្នេហាសមប្រកបរហូតដល់ថ្ងៃចូលរោងជ័យ តែតារាល្បីខ្លះបែរធ្លាក់ចូលអន្លង់ស្នេហ៍វិលវល់រកកោះត្រើយមិនឃើញ ឬ អាចនិយាយបានថា បរាជ័យជាច្រើនលើកច្រើនសា ។
ជាក់ស្តែង ដូចតារាស្រី Kwan Usamanee មហាជនពិតជាបានស្គាល់ហើយថានាងជាតារាសម្តែងស្រីជួរមុខល្បីឈ្មោះមួយរូប ដែលមានភាពជោគជ័យនៅក្នុងវិស័យសិល្បៈខ្លាំង តែបើងាកមើលជីវិតស្នេហាវិញ នាងតែងតែជួបរឿងបរាជ័យទៅវិញ ។ យោងតាមសារព័ត៌មានក្នុងស្រុកមួយរបស់ថៃ បានចុះផ្សាយថា តារាស្រី Kwan ធ្លាប់បរាជ័យស្នេហាជាមួយតារាប្រុសដល់ទៅ ៦ រូបឯណោះ ។ ចង់ដឹងថា Kwan ផុងលង់ស្នេហាជាមួយបុគ្គលណាខ្លះ តស់ទៅតាមដានទាំងអស់គ្នា ៖
១. Kwan Usamanee និង លោក Joe Pao in
លោក Joe Pao in គឺជាអ្នកជំនួញម្នាក់ ដែលមហាជនសង្ស័យថាលោកមានទំនាក់ទំនងជាមួយតារាស្រី Kwan Usamanee ទាំងដែលតារាស្រីរូបនេះកំពុងតែមានទំនាក់ទំនងជាមួយអ្នកផ្សេង រហូតធ្វើឱ្យទំនាក់ទំនងស្នេហាដែលនាងកំពុងមានត្រូវបែកបាក់ទៅវិញ តែចុងក្រោយតារាស្រីរូបនេះបានចេញមុខបដិសេធថា នាង និង លោក Joe Pao in គ្រាន់តែជាការរាប់អានគ្នាជាលក្ខណៈបងប្អូនប៉ុណ្ណោះ តែទោះជាយ៉ាងណាភាពស្និទ្ធស្នាលរវាងពួកគេទាំងពីរពិតធ្វើឱ្យមហាជនពិបាកនឹងសន្និដ្ឋានថា ដូចអ្វីដែលនាងបកស្រាយនោះណាស់ ។
២. Kwan Usamanee និង លោក Pok Mindset
Pok Mindset ជាតារាចម្រៀងមួយរូបនៅក្នុងរង្វង់សិល្បៈ ដែលមានភាពល្បីល្បាយខ្លាំង និង បច្ចុប្បន្នជាស្វាមីពេញច្បាប់របស់តារាស្រីរូបស្រស់ Magie ។ អ្វីដែលចាប់អារម្មណ៍ កន្លងមកធ្លាប់មានពាក្យចចាមអារ៉ាមពីទំនាក់ទំនងស្នេហារវាងលោក និង តារាស្រី Kwan Usamanee កាលគ្រាអ្នកទាំងពីរនៅក្នុងវ័យសិក្សា តែស្នេហារបស់អ្នកទាំងពីរហាក់បីត្រូវកាត់ផ្តាច់ទៅវិញ បន្ទាប់ពីខាងប្រុសត្រូវទៅរៀនបន្តនៅក្រៅប្រទេស ។
៣. Kwan Usamanee និង លោក Ai
Ai ជាបុរសអ្នកមានម្នាក់នៅក្រៅរង្វង់សិល្បៈ ហើយកន្លងមកធ្លាប់មានព័ត៌មានលេចឮថា លោកធ្លាប់បានសាងទំនាក់ទំនងស្នេហាជាមួយនឹងតារាស្រី Kwan Usamanee តែចុងក្រោយអ្នកទាំងពីក៏ចេញមុខបញ្ជាក់ថា ពួកគេគ្រាន់តែជាមិត្តនឹងគ្នា តែរូបភាពដែលមហាជនបានឃើញមិនដូចអ្វីដែលពួកគេនិយាយថាជាមិត្តនោះទេ ។
៤. Kwan Usamanee និង លោក Omakapan
លោក Omakapan ដែលមហាជនស្គាល់ថាជាតារាសម្តែងប្រុសមួយរូបកំពុងតែទទួលបានការគាំទ្រខ្លាំងនោះ ក៏ធ្លាប់ទទួលរងពាក្យចចាមអារ៉ាមថា ធ្លាប់បានសាងស្នេហ៍ជាមួយតារាសម្តែងស្រី Kwan Usamanee ផងដែរ ។ យ៉ាងណា ក្រោយមកទំនាក់ទំនងរបស់ពួកគេត្រូវបានឃ្លាតឆ្ងាយដោយមហាជនសង្ស័យថា មកពីបញ្ហាវណ្ណៈ អាចថាលោកមិនមែនជាអ្នកមានស្តុកស្តម្ភ ឬ បុគ្គលអភិជន ទើបស្នេហានោះ បានបញ្ចប់ទៅយ៉ាងលឿនបែបនេះ ។
៥. Kwan Usamanee និង លោក Golf Phichaya
លោក Golf Phichaya ជាតារាចម្រៀងមួយរូប ដែលទទួលបានការគាំទ្រពីបណ្តាមហាជនទាំងក្នុង និង ក្រៅប្រទេស ហើយអ្វីដែលកាន់តែចាប់អារម្មណ៍ លោកក៏ធ្លាប់មានទំនាក់ទំនងស្នេហាជាមួយនឹងតារាស្រីនាង Kwan Usamanee ផងដែរ ។ កន្លងមកពួកគេធ្លាប់សាងស្នេហ៍យ៉ាងមានភាពផ្អែមល្ហែម រហូតមហាជនគិតថាពួកគេនឹងអាចចូលរោងការសាងអនាគតជាមួយគ្នាទៀតផង ប៉ុន្ដែរឿងរ៉ាវស្នេហានេះ វាបានផ្ទុយពីការគិតរបស់មហាជនទាំងស្រុង ព្រោះចុងក្រោយពួកគេបែរជាឈានដល់ទីបញ្ចប់ ដោយសារតែមានដំណឹងថាមកពីបញ្ហារឿងថ្លៃបណ្ណាការ ដែលម្តាយខាងស្រីបង្គាប់លើសលុបទៅវិញ ។
៦.Kwan Usamanee និង ហាយសូ Patrick
លោក Patrick ជាបុរសអ្នកមាននៅក្នុងត្រកូលអភិជនដែលមានទ្រព្យហូរហៀម្នាក់ ដែលអ្នកណាៗក៏ប៉ងចង់បានជាគូ ហើយលោកក៏ធ្លាយមានទំនាក់ទំនងជាមួយតារាសម្តែងស្រី Kwan Usamanee ដែរ ដែលអ្នកទាំងពីតែងតែបង្ហោះរូបភាពផ្អែមល្អែមជាមួយគ្នាស្ទើរតែគ្រប់កម្មវិធី ហើយអ្នកទាំងពីក៏ធ្លាប់បានបើកបង្ហាញអារម្មណ៍ថា កំពុងតែមើលចិត្តគ្នាផងដែរ តែចុងក្រោយក្តីស្នេហារវាងនាង និង អ្នកមានហាយសូរនេះ ក៏ត្រូវបានបញ្ចប់ដោយមិនបន្សល់សូម្បីតែជាមិត្តនឹងគ្នា ៕
គួរបញ្ជាក់ដែរថា មកទល់ថ្មីៗនេះ តារាស្រី Kwan Usamanee បានប្រកាសពីដំណឹងល្អ ដោយខ្លួនបានរកឃើញបុរសម្នាក់ថ្មីទៀត ដោយនាងថានឹងរៀបការជាមួយគ្នា ក្រោយបានទាក់ទងយល់ចិត្តយ៉ាងសំងាត់អស់រយៈពេលជាង ១ ឆ្នាំ ជាមួយការយល់ព្រមពីម្តាយខ្លួនដែរនោះ៕