នៅមិននៅ អេឡិច ហ្សូរ៉ា បង្ហោះរូប ឌី សូនិត្តា កាលស៊េរីចាស់ៗក្លែមពាក្យឌឺ ត្រូវនាងតបវិញមួយឆ្ងាញ់ដៃ
មហាជនអ្នកគាំទ្រប្រាកដជាបានដឹង និង ធ្លាប់ដាក់ងាររួចមកហើយដល់តារាសម្តែងប្រុសស្រី ២ រូប គឺ អេឡិច ហ្សូរ៉ា និង ឌី សូន្តិតា ជាគូស្នេហ៍មានប្រជាប្រិយភាព តែងនាំយកនូវភាពសប្បាយរីករាយដល់អ្នកគាំទ្រ ។ ក្នុងនោះប៉ាម៉ាករបស់នាងតូច Smile នេះ តែងបង្ហោះរូបភាព និង សារសប្បាយៗកំប្លែងៗលើបណ្តាញសង្គមហ្វេសប៊ុក ធ្វើឱ្យអ្នកបានអានហើយពេលខ្លះទប់សើចមិនជាប់នោះឡើយ ។
យ៉ាងណាមិញ កាលពីថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ ២០២១ កន្លងទៅនេះ លោក អេឡិច ហ្សូរ៉ា បានបង្ហោះរូបភាពប៉ុន្មានសន្លឹករបស់ ឌី សូនិត្តា កាលពី ៥ ទៅ ១០ ឆ្នាំ មុន លើគណនីហ្វេសប៊ុករបស់លោកធ្វើឱ្យអ្នកលេងបណ្តាញសង្គមចាប់អារម្មណ៍យ៉ាងខ្លាំង ។ អ្វីដែលកាន់តែធ្វើឱ្យអ្នកគាំទ្រទប់សំណើចមិនបាន គឺលោក អេឡិច ហ្សូរ៉ា បន្ថែមនូវពាក្យឌឺដងភរិយារបស់ខ្លួនទៀតផង ។
លោក អេឡិច ហ្សូរ៉ា បានរៀបរាប់ថា «តិចថាមើលអត់ស្គាល់ទៅបងប្អូន? ជួយ Tag ឈ្មោះម្ចាស់រូបហើយ Comment 168 ផង ។ ជំនាន់ហ្នឹងគេហើយ អស់អីអស់ទៅ ឱ្យតែបានស្ទីល Babies អីហ្នឹង!» ។
ក្រោយពីលោក អេឡិច ហ្សូរ៉ា បានបង្ហោះរូបភាព និង សារឌឺដងភរិយាខ្លួននោះ ស្រាប់តែ ឌី សូនិត្តា មិនបង្អង់នោះឡើយ ឆ្លើយតបភ្លាមៗទៅកាន់ស្វាមីដោយចូលទៅខមមិនថា «អាកញ្ចាស់ យប់មិញយល់សបិន្តឃើញអីបានផុសរូបចាស់ៗហ្នឹង ???» ។ ខមមិនឆ្លើយតបនោះដែរ បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក កាន់តែអស់សំណើចនឹងប្តីប្រពន្ធមួយគូនេះកាន់តែខ្លាំង ៕