មិននឹកស្មាន ខាត់ សម្បត្តិកិត្យា និង ណាក់ ស្រីណា បន្តដំណើរចាប់ដៃគ្នាលើវិថីសិល្បៈ ១១ ឆ្នាំ
មហាជនអ្នកគាំទ្រតាមដានទស្សនាកម្មវិធីកម្សាន្តមួយចំនួនរបស់ស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ ប្រាកដជាបានស្គាល់មកហើយ នូវដៃគូពិធីករ ពិធីការិនី ដ៏ស័ក្តិសមគឺលោក ខាត់ សម្បត្តិកិត្យា និង កញ្ញា ណាក់ ស្រីណា ជាក់ជាមិនខាន ។
ក្នុងនោះ មិនថាតែកម្មវិធីជាច្រើនរបស់ស្ថានីយទូរទស្សន៍ខាងលើនេះ ដែលលោក ខាត់ សម្បត្តិកិត្យា និង កញ្ញា ណាក់ ស្រីណា គឺជាដៃគូរួមគ្នាប៉ុណ្ណោះទេ ប៉ុន្តែសូម្បីតែការសម្តែងខ្សែភាពយន្ត និង ចម្រៀងកាយវិការមួយចំនួនក៏តារាស្រីប្រុសនេះតែប៉ះគ្នាជារឿយៗផងដែរ ។
យ៉ាងណាមិញ បើក្រឡេកទៅមើលមិត្តភាពរបស់លោក ខាត់ សម្បត្តិកិត្យា និង កញ្ញា ណាក់ ស្រីណា គឺអ្នកទាំង ២ បានស្គាល់គ្នាតាំងពីឆ្នាំ ២០១០ មកម្ល៉េះ ពោលគឺរយៈពេល ១១ ឆ្នាំមកហើយ បន្ទាប់ពីអ្នកទាំងពីរបានជាប់ចំណាត់ថ្នាក់លេខ ១ ដូចគ្នា ក្នុងកម្មវិធីរបស់ស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ ។ ក្រោយមក កំឡុងឆ្នាំ ២០១៧ លោក ខាត់ សម្បត្តិកិត្យា និង កញ្ញា ណាក់ ស្រីណា ក៏បានចាប់ដៃគូគ្នាជាពិធីករ ពិធីការិនី តាំងពីពេលនោះរហូតមកដល់បច្ចុប្បន្ន ។
ជាការពិត បើទោះជាពិធីករដ៏ស្រស់សង្ហា ពិធីការិនីដ៏ស្រស់សោភាខាងលើ គឺជាមិត្តភក្តិល្អនឹងគ្នាយ៉ាងណាក្តី តែក៏មានមហាជនអ្នកគាំទ្រមួយចំនួនប្រាថ្នាចង់ឱ្យអ្នកទាំងពីរក្លាយជាគូនឹងគ្នាដែរ ៕