ផ្ទុះការចម្លងស្នាដៃអ្នកនិពន្ធពេក ឌីជេ ណាណា មិនបង្អង់ពន្លះមួយឆ្ងាញ់ដៃ អ្នកចាំតែលួចបានលុយស្រួលៗ (វីដេអូ)
ថ្មីៗនេះ បើក្រឡេកទៅមើលវិស័យនិពន្ធសៀវភៅ ដោយមានសៀវភៅប្រឡោមលោក និង សៀវភៅផ្នែកផ្សេងៗ ហាក់នៅតែមានការលួចចម្លងកម្មសិទ្ធិបញ្ញារបស់អ្នកនិពន្ធជាបន្តបន្ទាប់ដូចដើម រហូតធ្វើឱ្យអ្នកនិពន្ធជាច្រើនបានប្រតិកម្ម និង ព្រួយបារម្ភយ៉ាងខ្លាំង ។ ក្នុងនោះការបន្តលួចកម្មសិទ្ធិបញ្ញា និង ស្នាដៃរបស់អ្នកនិពន្ធទៅប្រព្រឹត្តក្នុងការរកស៊ីគ្រប់រូបភាពផ្សេងគ្នានោះ មានដូចជាការយកស្នាដៃរបស់អ្នកនិពន្ធទៅផុសរកប្រាក់តាមប្រព័ន្ធអ៊ីនធឺណិត ដោយមានទាំងការអាន មានទាំងការបង្ហោះអត្ថបទ ។
ដោយឡែក ក្រោយពីមានការព្រួយបារម្ភយ៉ាងខ្លាំងពីសំណាក់អ្នកនិពន្ធល្បីៗជាច្រើន ត្រង់ចំណុចខាងលើនេះដែរ ឌីជេ ណាណា ពិធីការិនីល្បីឈ្មោះក៏បានចេញមុខមកប្រតិកម្ម និង ចេញមុខមកតវ៉ាស្វែងរកការគាំទ្រស្នាដៃអ្នកនិពន្ធពិតប្រាកដ និង ប្រឆាំងការចម្លងស្នាដៃអ្នកនិពន្ធ ដោយអ្នកនាងលើកឡើងថា លួចស្នាដៃមិនមែនជាការគាំទ្រឡើយ ។
តាមរយៈវីដេអូប្រមាណជិត ៩ នាទី ឌីជេ ណាណា បានរៀបរាប់ថា ការលួចយកស្នាដៃអ្នកនិពន្ធទៅប្រើប្រាស់គ្រប់រូបភាព ហាក់ជាមិនត្រឹមត្រូវ ពោលគឺជារឿងអយុត្តិធម៌ទាមទារឱ្យអ្នកនិពន្ធចែករំលែកចំណេះដឹងរបស់គាត់ដោយឥតគិតថ្លៃ បើទោះជាដាក់ Credit បញ្ចេញឈ្មោះឱ្យអ្នកនិពន្ធអ្នកក្នុងការផ្តល់កិត្តិយសគាត់ក៏ដោយ ប៉ុន្តែមិនបានរកចំណូលឱ្យគាត់ទេ ។
ឌីជេ ណាណា បានបន្តទៀតថា ប្រសិនជាអ្នកគ្រប់គ្នាចង់គោរពស្នាដៃនិពន្ធពីគាត់ គួរណាស់តែទិញសិទ្ធិពីគាត់ ? លើសពីនោះ ហេតុអ្វីរាល់ពេលអ្នកនិពន្ធគ្រប់គ្នានិយាយពីរឿងលុយ គិតថាពួកគាត់ខុស ? ការពិត អ្នកនិពន្ធក៏គាត់ត្រូវការចំណូល គាត់ខំប្រឹងនិពន្ធ កែអក្ខរាវិរុទ្ធជាច្រើនលើកច្រើនសារដើម្បីយកទៅបោះពុម្ពចំណាយលុយ ប៉ុន្តែសៀវភៅបែរជាលក់អត់ដាច់ ហើយអ្នកចម្លងយកទៅរកស៊ីគ្រប់រូបភាពបានចំណូល ក៏មិនដែលចែកអ្នកនិពន្ធនោះដែរ ។
វីដេអូនោះ ដែរបានធ្វើឱ្យមហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ស្នេហាស្នាដៃនិពន្ធរបស់អ្នកនិពន្ធជាច្រើនហាក់ពេញចិត្តយ៉ាងខ្លាំង ហើយក៏បានចែករំលែកតៗគ្នាយ៉ាងច្រើនផងដែរ ។
តស់ ! ទៅទស្សនាវីដេអូលម្អិតខាងក្រោម ៖