អ្នកនិពន្ធល្បីឈ្មោះ ម៉ៅ សំណាង បារម្ភការផ្អាកនិពន្ធម្តងទៀត ព្រោះរឿងនេះ
អ្នកនិយមអានសៀវភៅបានច្រើន ប្រាកដជាធ្លាប់បានស្គាល់មកហើយនូវអ្នកនិពន្ធដែលមានបទពិសោធន៍ជាច្រើនឆ្នាំ គឺលោកស្រី ម៉ៅ សំណាង មាននាមប៉ាកា (រហស្សនាម) ថា ទន្សាយ ជាក់ជាមិនខាន ។ កន្លងមក អ្នកនិពន្ធល្បីឈ្មោះរូបនេះក៏ធ្លាប់បានផ្អាកការសរសេររបស់ខ្លួនមួយរយៈ តែដោយមានការបន្តគាំទ្រ លោកស្រី ម៉ៅ សំណាង ក៏ចាប់ផ្តើមកាន់ប៉ាកានិពន្ធជាថ្មីម្តងទៀត ។
យ៉ាងណាមិញថ្មីៗនេះ អ្នកនិពន្ធល្បីឈ្មោះខាងលើ ហាក់មានការព្រួយបារម្ភយ៉ាខ្លាំង ថាលោកស្រីអាចនឹងផ្អាកការសរសេរជាថ្មី ក៏ព្រោះការបន្តលួចកម្មសិទ្ធិបញ្ញា និង ស្នាដៃរបស់អ្នកនិពន្ធទៅប្រព្រឹត្តក្នុងការរកស៊ីគ្រប់រូបភាពផ្សេងគ្នានោះ ។ ក្នុងនោះ លោកស្រីបានលើកឡើងថា លោកស្រីអាចនឹងត្រូវប្រឈមមុខ នឹងផ្អាកការនិពន្ធម្ដងទៀត ព្រោះបើសៀវភៅលក់មិនដាច់ លោកស្រីក៏គ្មានប្រាក់សម្រាប់ចំណាយក្នុងការបោះពុម្ពបន្តទៀតដែរ ។
តាមសំណេររៀបរាប់ការព្រួយបារម្ភនោះ លោកស្រី ម៉ៅ សំណាង រហ្សនាម ទន្សាយ បានរៀបរាប់ថា «សោកស្តាយ ! អ្នកនិពន្ធជាច្រើនរូបកំពុងតែមានបញ្ហាត្រូវគេលួចកម្មសិទ្ធិបញ្ញា និង លួចថតស្នាដៃរបស់អ្នកនិពន្ធទៅផុសរកប្រាក់តាមប្រព័ន្ធអ៊ីនធឺណិត ដោយមានទាំងការអាន មានទាំងការបង្ហោះអត្ថបទ ហើយខ្ញុំក៏ជាអ្នកនិពន្ធម្នាក់ក្នុងចំណោមនោះដែរ ។ បញ្ហាមួយនេះខ្ញុំធ្លាប់បានជួបរួចមកហើយកាលពី ១០ ឆ្នាំមុន រហូតធ្វើឲ្យខ្ញុំសម្រេចចិត្តផ្អាកការនិពន្ធជាច្រើនឆ្នាំ ។ វាជាការពិបាកណាស់ ព្រោះម្ចាស់កម្មសិទ្ធិនៅទីភ្លឺ ចំណែកអ្នកដែលចាំលួចស្ថិតនៅទីងងឹត ចាំតែលួចគ្រប់វិធីដែលអាចធ្វើបាន ធ្វើឲ្យម្ចាស់កម្មសិទ្ធិពិបាកនឹងការពារ ។ គ្រប់យ៉ាងអាស្រ័យនៅលើការចូលរួមពីមនុស្សមួយចំនួន ដែលភ្ញាក់រឭកឈប់ប្រព្រឹត្តខុសច្បាប់បន្តទៅទៀត។ ខ្ញុំពិតជាសោកស្ដាយណាស់ បើសិនជាខ្ញុំត្រូវប្រឈមមុខ នឹងផ្អាកការនិពន្ធម្ដងទៀត ព្រោះបើសៀវភៅលក់មិនដាច់ យើងក៏គ្មានប្រាក់សម្រាប់ចំណាយក្នុងការបោះពុម្ពបន្តទៀតដែរ ។ ខ្ញុំសង្ឃឹមថាអ្នកនឹងភ្ញាក់រឭកឈប់ជាន់ឈ្លីច្បាប់ ហើយរួមគ្នាលើកស្ទួយ អក្សរសាស្ត្រយើងកុំឱ្យបាត់បង់ទៅ» ៕