ប្លែកភ្នែករហូត! គង់ ចាន់រដ្ឋា ឡើងឆាកម្តងណាមិនឱ្យជាន់ម៉ូដ តាមពិតគឺបែនេះសោះ
ក្រោយពីសាងកេរ្តិ៍ឈ្មោះលើវិថីសិល្បៈអស់រយៈពេលជាច្រើនឆ្នាំមកនោះ តារាចម្រៀង គង់ ចាន់រដ្ឋា ហាក់កាន់តែលេចធ្លោខ្លាំងឡើងលើវិថីសិល្បៈ ។ ក្នុងនោះ តារាចម្រៀងស្រីរូបនេះបានចេញបទចម្រៀងទោសជាបន្តបន្ទាប់ ក៏ដូចជារួមគ្នាជាមួយនឹងតារាចម្រៀងកូនភ្លោះ គឺលោក ស៊ិន សុភា និង ស៊ិន សុភ័ក្ត្រ ផងដែរ ។
តារាចមច្រៀង គង់ ចាន់រដ្ឋា មិនត្រឹមតែទទួលបានប្រជាប្រិយភាពពីបទចម្រៀងថ្មីៗរបស់ខ្លួនប៉ុណ្ណោះទេ តែតារាចម្រៀងស្រីរូបនេះ ក៏ទទួលបានការពេញចិត្តយ៉ាងខ្លាំងពីទេពកោសល្យនៃក្បាច់រាំរបស់នាងពេលសម្តែងលើឆាកម្តងៗ ។ លើសពីនោះ បើនិយាយពីការតុបតែងខ្លួនវិញ គង់ ចាន់រដ្ឋា ក៏មានស្ទីលប្លែកបែបអឺរ៉ុប និង កូរ៉េ ទៀតផង ។
ជាការពិត រាល់ការចេញសម្តែងច្រៀងលើឆាករបស់ គង់ ចាន់រដ្ឋា ត្រូវបានមហាជនអ្នកគាំទ្រតែងសង្កេតឃើញថា នាងហាក់មិនដែលបង្ហាញស្ទីលសម្លៀកបំពាក់ជាន់គ្នានោះឡើយ បើទោះពេលខ្លះនាងស្លៀកពាក់ឈុតធ្លាប់ស្លៀកហើយក្តី ប៉ុន្តែនាងបានរកការច្នៃប្រឌិតមកតុបតែងបន្ថែមមើលទៅឱ្យឃើញដូចម៉ូដ ២ ផ្សេងគ្នា ។
អ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងនេះទៅទៀត រាល់ឈុតសម្លៀកបំពាក់ដែល គង់ ចាន់រដ្ឋា ជ្រើសរើសមកស្លៀកឡើងឆាកម្តងៗ បើតាមការឱ្យដឹងពីអ្នកស្និទ្ធស្នាលគឺនាងពុំសូវចូលហាងកាត់ដេរច្នៃម៉ូដនោះឡើយ ពោលគឺនាងបានបញ្ជាទិញពីក្រៅប្រទេសមកសម្រាប់ខ្លួនឯងផង និង ដាក់លក់ផង ហើយកន្លងមកក៏មាន សិល្បករ-ការិនី ជាច្រើនក៏បានទិញឈុតសម្រាប់ឡើងឆាកពីនាងច្រើនដែរ ៕