តារាចម្រៀងវ័យក្មេង ៥ ដួង មានអ្នកគាំទ្រនារីៗលួច Crush រហូតធ្លោយមាត់ហៅបែបនេះ
បើនិយាយពីតារាចម្រៀង Original ផ្នែកបុរសក៏មានជាច្រើន ដែលកំពុងតែទទួលបានការគាំទ្រពីសំណាក់មហាជន ។ យ៉ាងណាមិញ ថ្ងៃនេះ «ប្រជាប្រិយ» នឹងលើកយកតារាចម្រៀង Original ផ្នែកបុរសចំនួនតែ ៥ រូបតែប៉ុណ្ណោះ មកបង្ហាញជូនដល់លោកអ្នក ក៏ព្រោះតែតារាចម្រៀង ៥ ដួង ខាងក្រោមនេះ មិនត្រឹមតែសាងកេរ្តិ៍ឈ្មោះក្នុងការច្រៀងតែម្យ៉ាងនោះទេ តែពួកគេក៏បានឆក់យកបេះដូងអ្នកគាំទ្រនារីៗមិនតិចនោះទេ ឱ្យបាក់ចិត្តលង់នឹងសម្រស់ និង សំឡេងពីរោះស្រទន់មានមន្តស្នេហ៍របស់ពួកគេ ។
១. វណ្ណដា
មិនត្រឹមតែជាតារាចម្រៀង Original ទទួលបានការគាំទ្រខ្លាំងលើទឹកដមសំឡេង ស្ទីលនៃការច្រៀង និង បទចម្រៀងពេញនិយមយ៉ាងច្រើនោះឡើយ វណ្ណដា ក៏ត្រូវបានមហាជនអ្នកគាំទ្រនារីៗជាច្រើនបាក់ចិត្តលង់ស្នេហ៍លោកមិនតិចនោះទេ ។ ក្នុងនោះ គេបានសង្កេតឃើញថា ភាគច្រើនរាល់ពេលដែលតារាប្រុសវ័យ ២០ ស្តើងខាងលើនេះ បង្ហោះរូបភាពម្តងៗ គឺមានអ្នកគាំទ្រនារីៗចែករំលែករូបភាព និង បញ្ចេញមតិហៅលោក Crush ដោយខ្លះលាន់មាត់ហៅប្តីៗទៀតផង ។
២. ថេណា
តារាចម្រៀង Original Song បែបមនោសញ្ចេតនា ថេណា មិនត្រឹមតែអន្ទងចិត្តអ្នកស្តាប់ឱ្យលង់នឹងបទចម្រៀងរបស់លោកតែម្យ៉ាងនោះទេ តែតារាចម្រៀងមាឌល្អិតរូបនេះ ក៏បានធ្វើឱ្យអ្នកគាំទ្រភ្លូកទឹកភ្លូកដីលង់នឹងសម្រស់ដ៏ស្រស់សង្ហារបស់លោកដូចគ្នា ។ បើក្រឡេកទៅមើលគណនីហ្វេសប៊ុករបស់លោក គឺមានអ្នកតាម follow តាម like និង share យ៉ាងច្រើន ជាពិសេសគឺហ្វេននារីៗតែម្តង ។
៣. Kai
បើទោះជាទើបតែចូលប្រឡូកក្នុងវិស័យសិល្បៈប៉ុន្មានឆ្នាំចុងក្រោយនេះ ក៏ពិតមែនប៉ុន្តែ តារាចម្រៀង Original Song លោក Kai ក៏ហាក់លេចធ្លោខ្លាំងណាស់ដែរ ដោយក្នុងនោះលោកកាន់តែទទួលបានការគាំទ្រខ្លាំងបន្ទាប់ពីបានចូលរួមសម្តែងជាតួឯកក្នុងរឿង «ផ្កាព្កុលមាស»។ Kai បានឆក់យកបេះដូងអ្នកគាំទ្រនារីៗមិនតិចនោះទេ ក៏ព្រោះតែសម្រស់ស្រស់សង្ហា និង ទេពកោសល្យសិល្បៈរបស់លោក។
៤. នូ ឧសភា
នូ ឧសភា មិនត្រឹមតែជាតារាបង្ហាញម៉ូដ និង តារាចម្រៀង Original ប្រចាំ TMS ប៉ុណ្ណោះទេ តែលោកក៏ជាតារាសម្តែងទទួលបានប្រជាប្រិយភាពក្នុងវិស័យខ្សែភាពយន្តផងដែរ ។ តារាចម្រៀង និង សម្តែងរូបនេះ មិនថាតែការងារសិល្បៈនោះឡើយដែលអ្នកគាំទ្រចាប់អារម្មណ៍ សូម្បីតែជីវិតឯកជនរបស់លោកក៏ត្រូវបានគេតាមដានមិនតិចដែរ ក៏ព្រោះតែលោក នូ ឧសភា ក៏មានហ្វេនៗនារីជាច្រើនកំពុងលង់ចិត្តលួចស្រឡាញ់លោក ។
៥. ស៊ូ លីផេង
ម្ចាស់បទ «មិនច្បាស់លាស់» លោក ស៊ូ លីផេង បានសាងកេរ្តិ៍ឈ្មោះក្នុងវិស័យចម្រៀង ក្នុងការចេញបទចម្រៀង Original Song ដោយមានការនិពន្ធទំនុកភ្លេង និង ទំនុកច្រៀងភាគច្រើនដោយខ្លួនឯង ។ តារាប្រុសរូបនេះ បានឆក់យកបេះដូងអ្នកគាំទ្រ តាមរយៈទឹកដមសំឡេងស្រទន់របស់លោក រហូតធ្វើឱ្យហ្វេនៗនារីបានស្តាប់ហើយដឹងតែនឹកស្រមើស្រមៃចង់បានតារាប្រុសរូបនេះជាគូគាប់តែម្តង ៕